Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ពាធកាន់តែធ្ងន់ ធ្វើឲ្យនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស ប្រកាសលាលែងពីតំណែង

រាជធានីឡុងដ៍៖ នៅទីបំផុត លោក បូរីស ចនសុន បានយល់ព្រមប្រកាសលាលែង ចេញពីតំណែងជានាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស ដោយសារការរងនូវសម្ពាធកាន់តែធ្ងន់ធ្ងរ មិនអាចស៊ូទ្រាំបាន ក្រោយរដ្ឋមន្រ្ដីជាច្រើននាក់ នៅក្នុងគណៈរដ្ឋមន្រ្ដីរបស់គាត់ បានប្រកាសលាលែងពីតំណែង ជាបន្ដបន្ទាប់។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស Sky News បានចេញផ្សាយ កាលពីថ្ងៃទី៧ ខែកក្កដា ថា វិមានដូនណីងស្ទ្រីត (Downing Street) របស់នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានបញ្ជាក់ថា លោក បូរីស ចនសុន (Boris Johnson) បានប្រកាសជាផ្លូវការ លាលែង ពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស និង ជាប្រធានគណបក្សអភិរក្សនិយម។ ប៉ុន្តែលោកនាយករដ្ឋមន្រ្ដី នឹងនៅតែបន្ដ កាន់តំណែងនេះជាបណ្តោះអាសន្ន រហូតដល់គណបក្សបោះឆ្នោត ជ្រើសរើសមេដឹកនាំថ្មី ឡើងមកកាន់តំណែងនេះជំនួស។

លោក បូរីស ចនសុន (Boris Johnson) កាលពីពេលថ្មីៗនេះ បានច្រានចោលនូវការលាលែងពីតំណែងជានាយករដ្ឋមន្រ្ដី បន្ទាប់ពីមានរឿងអាស្រូវ ពាក់ព័ន្ធនឹងរឿងសីលធម៌។ ប៉ុន្ដែការវិវឌ្ឍស្ថានការណ៍វិបត្ដិនយោបាយចុងក្រោយរបស់ចក្រភពអង់គ្លេស បានជំរុញឲ្យគាត់បង្ខំចិត្តលាលែងពីតំណែង ជានាយករដ្ឋមន្រ្ដី និង ប្រធានបក្សអភិរក្សនិយម។

ការប្រកាសលាលែងពីតំណែងរបស់លោក បូរីស ចនសុន បានកើតឡើង ក្រោយពេលរដ្ឋមន្ត្រី ជាង៤០នាក់ បានលាឈប់ពីរដ្ឋាភិបាលរបស់គាត់ ហើយប្រាប់គាត់ឱ្យធ្វើតែម្នាក់ឯងទៅ។

បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានរបស់ចក្រភពអង់គ្លេស Sky News បានបញ្ជាក់ថា លោក បូរីស ចនសុន ក្លាយជានាយករដ្ឋមន្រ្ដីលើកទី១ នៅក្នុងប្រវត្ដិសាស្រ្ដរបស់ចក្រភពអង់គ្លេស ដែលមានរដ្ឋមន្រ្ដីជាច្រើននាក់ ប្រកាសលាលែងពីតំណែង មិនអាចបំពេញការងារឲ្យរដ្ឋាភិបាលរបស់គាត់បាន ដោយសារគាត់មិនអាចដាក់មនុស្សជំនួស នៅក្នុងគណៈរដ្ឋមន្ត្រីរបស់គាត់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×