រដ្ឋធានីប៉េកាំង៖ ក្រសួងការបរទេសចិន បានចោទប្រកាន់ដល់សហរដ្ឋអាមេរិក ជាការគំរាមកំហែងដ៏ធំបំផុត ដល់ពិភពលោកទាំងមូល ហើយការចោទប្រកាន់របស់ក្រុងប៉េកាំងនេះ បានកើតឡើង ក្រោយពេលប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានព្រមានខ្លាំងៗជាថ្មី អំពីការគំរាមកំហែង ដល់សន្ដិសុខរបស់បស្ចិមលោក កើតចេញពីចិន។
សារព័ត៌មាន The Washington Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ ថា ចិន បានចោទប្រកាន់ដល់សហរដ្ឋអាមេរិកថា ជា«ការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍ នៅលើពិភពលោក»។ ការលើកឡើងរបស់ក្រុងប៉េកាំង ក៏ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានអះអាងថា ចារកម្មរបស់ចិន ជាការគំរាមកំហែងដល់ពិភពលោក ហើយប្រទេសចិន កំពុងគំរាមកំហែង ដល់សណ្តាប់ធ្នាប់អន្តរជាតិ។ ក្រុងប៉េកាំង មានផែនការ វាយលុកកាន់កាប់កោះតៃវ៉ាន់។

ការធ្វើអត្ថាធិប្បាយរបស់លោក ហ្សាវ លីជៀន (Zhao Lijian) អ្នកនាំពាក្យ ក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើង ១ថ្ងៃ ក្រោយពេលប្រធាន FBI របស់សហរដ្ឋអាមេរិក និង ប្រមុខភ្នាក់ងារស៊ើបការណ៍សម្ងាត់ M15 របស់ចក្រភពអង់គ្លេស លើកឡើងជាថ្មី អំពីរដ្ឋាភិបាលចិន។ ប្រមុខចារកម្មរបស់ប្រទេសមហាអំណាចលោកខាងលិច ទាំង២នេះ បានអះអាងថា ក្រុងប៉េកាំង កំពុងតែប្ដេជ្ញាលួចបច្ចេកវិទ្យា ដើម្បីចំណេញ នៅក្នុងការប្រកួតប្រជែង។
ការដំឡើងសំឡេងប្រតិកម្មខ្លាំងៗ ពីក្រុងប៉េកាំង នេះ ក៏បានកើតឡើង នៅមុនកិច្ចប្រជុំ នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា រវាងលោក អេនតូនី ប្ល៊ីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក និង សមភាគីចិន លោក វ៉ាង យី (Wang Yi) នៅឯកិច្ចប្រជុំកំពូល G-20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ៕ រក្សាសិទ្ធិដោយ ៖ សារាយSN





















