Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យទេសចរណ៍កម្ពុជា រំពឹងថា នឹងកាន់តែមានភាពប្រសើរឡើង ខណៈចរន្តនៃកំណើនភ្ញៀវជាតិ-អន្តរជាតិបានកើនឡើងនៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២នេះ

ភ្នំពេញ៖ ដោយឃើញក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍ ពីចរន្តកំណើនភ្ញៀវទេសចរ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២២នេះ ដែលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥១ម៉ឺននាក់ កើនឡើងប្រមាណ ៣៩៤,១% និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ៧លាននាក់ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២១នោះ កម្ពុជារំពឹងថា វិស័យទេសចរណ៍កម្ពុជា នឹងមានកំណើនប្រមាណ ១៦% ក្នុងឆ្នាំ ២០២២ និង ២៣% ក្នុងឆ្នាំ ២០២៣ ។

ការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាឡើងវិញ ជាបណ្តើរៗនាពេលនេះ ដោយសារស្ថានភាពនៃជំងឺកូវីដ១៩នៅកម្ពុជា មានភាពធូរស្រាល និងអាចគ្រប់គ្រងបាន ក្រោមវិធានការ ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសដែលបង្កើតបានជាភាពស៊ាំក្នុងសហគមន៍បានល្អរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យកម្ពុជា អាចបើកដំណើរការសេដ្ឋកិច្ច និងបើកច្រកព្រំដែនឡើងវិញបានទាន់ពេលវេលា ដែលជំរុញដល់ការងើនឡើងវិញនៃវិស័យទេសចរណ៍។

ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បានដាក់ចេញផែនទីចង្អុលផលទេសចរណ៍ ដែលជាប្រទីបមួយដ៏សំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនឡើង។

វិស័យទេសចរណ៍កម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនប្រមាណ ១៦% ក្នុងឆ្នាំ ២០២២ និង ២៣% ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីមានការអន្តរាគមន៍ដ៏សកម្មរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះអង្គការទេសចរណ៍ពិភពលោក (WTO) បានព្យាករថា វិស័យទេសចរណ៍សកលនឹងត្រឡប់រកគន្លងកំណើនដូចពេលមុនវិបត្តិនៃជំងឺកូវីដ១៩ នៅឆ្នាំ ២០២៤ខាងមុខ។

គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានសម្រេចបន្តការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្មស្ថិតនៅក្នុងទីប្រជុំជន និងនៅតាមសហគមន៍ទេសចរណ៍នានាក្នុងន័យទាក់ទាញទេសចរបន្ថែមទៀតចូលមកប្រទេសកម្ពុជា ។ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បានផ្តោតជាសំខាន់ចំពោះមុខលើជំនាញ បដិសណ្ឋារកិច្ច និងវិធានសុវត្ថិភាព ជាដើម។

ទាក់ទិននឹងជើងហោះហើរវិញ ការធ្វើដំណើរចូលមកកម្ពុជា តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ក៏កំពុងមានកំណើនឡើងវិញក្នុងឆ្នាំ ២០២២នេះ។ ស្ថាប័នពាក់ព័ន្ធ ក៏បាន និងកំពុងរៀបចំដាក់ចេញនូវរាល់យន្តការលើកទឹកចិត្តគ្រប់រូបភាព ដើម្បីទាក់ទាញការធ្វើដំណើរឆ្លងកាត់ចូលមកកម្ពុជាបន្ថែមទៀតផងដែរ៕

×