រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការវាយតម្លៃ អំពីស្ថានការណ៍សឹក និង មហិច្ឆតារបស់ក្រុងមូស្គូ នៅក្នុងការផ្ដួលរំលំក្រុងគៀវ ជាថ្មីនោះ សហរដ្ឋអាមេរិក នឹងបន្ដផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់៤០០លានដុល្លារបន្ថែមទៀត និង ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបណាសាម (NASAMS) ដើម្បីកម្ទេចមីស៊ីលវាយប្រហាររបស់រុស្ស៊ី។
សារព័ត៌មាន Asia Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ថា រដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា អ៊ុយក្រែន នឹងទទួលបានប្រព័ន្ធការពារដែនអាកាស NASAMS ដើម្បីពង្រឹងនូវការការពារដែនអាកាសរបស់ខ្លួន ដែលរងការបំផ្លិចបំផ្លាញ ពីរុស្ស៊ី។

NASAMS នេះជាប្រព័ន្ធការពារដែនអាកាស មានប្រសិទ្ធភាពដូចគ្នាទៅនឹងប្រព័ន្ធការពារ នៅជុំវិញសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ផងដែរ។ ប្រព័ន្ធការពារដែនអាកាស NASAMS នេះ អាចនឹងត្រូវបានដាក់ពង្រាយ ដើម្បីការពារវិមានម៉ាលីអ៊ីនស្គី (Mariinski) ជាលំនៅឋានផ្លូវការរបស់ប្រធានាធិបតីអ៊ុយក្រែន ឬតំបន់សម្ងាត់ ដែលប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky ) លាក់ខ្លួន នៅក្នុងលេណដ្ឋាន។
ការព្រួយបារម្ភយ៉ាងខ្លាំង បានកើតឡើងថា រុស្ស៊ីអាចនឹងវា.យប្រ.ហារទៅលើរដ្ឋធានីរបស់អ៊ុយក្រែន ហើយព្យាយាមផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ហ្សេឡែនស្គី សាជាថ្មី។ ប៉ុន្ដែការផ្គត់ផ្គង់ប្រព័ន្ធការពារណាសាម ទៅកាន់ប្រទេសអ៊ុយក្រែ បង្ហាញអំពីការវាយតម្លៃរបស់ក្រុងវ៉ាស៊ីនតោន ថា ក្រុងគៀវ មិនអាចការពារទប់ទល់នឹងមីស៊ីលបាន ហើយក្រុងគៀវ អាចប្រឈមមុខនឹងគ្រោះថ្នាក់។ ចំណែកការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតនោះ គឺមីស៊ីលកាលីប 3M54 (3M54 Kalibr cruise missile) របស់រុស្ស៊ី ហើយមីស៊ីលគ្រូសនេះ អាចបាញ់ចេញពីនាវាចម្បាំង នាវាមុជទឹក និង យន្ដហោះចម្បាំង ផងដែរ។

ដោយឡែក សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ថា មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃសុក្រ ថា សហរដ្ឋអាមេរិក នឹងបញ្ជូនកញ្ចប់ជំនួយយោធាថ្មី មានទំហំទឹកប្រាក់ ៤០០ដុល្លារបន្ថែមទៀត ទៅជួយដល់អ៊ុយក្រែន។ កញ្ចប់ជំនួយយោធាថ្មី នឹងត្រូវបញ្ជូនទៅកាន់ក្រុងគៀវ នោះ រួមបញ្ចូលទាំង ប្រព័ន្ធបាញ់រ៉ុក្កែតហ៊ីម៉ាស (HIMARS) ជាច្រើនគ្រឿង បន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN










