រដ្ឋធានីកូឡុំបូ៖ ក្រោយពេលសេដ្ឋកិច្ចរបស់ស្រីលង្កា បានដួលរលំទាំងស្រុង ហើយប្រឈមនឹងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ យ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជភាព ពីចក្រភពអង់គ្លេស នៅឆ្នាំ១៩៤៨នោះមក ប្រជាជននៅលើដែនកោះអាស៊ីខាងត្បូងមួយនេះ ចាប់ផ្ដើមចេញមកតាមដងផ្លូវ នាំគ្នាតវ៉ាទាមទារឲ្យប្រធានាធិបតី និង រដ្ឋាភិបាលរបស់គាត់ ចុះចេញពីតំណែង។
សារព័ត៌មាន The Indian Express បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ថា ប៉ូលិសស្រីលង្កា នៅថ្ងៃសៅរ៍នេះ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដាក់ទៅលើក្រុមអ្នកតវ៉ា ដែលកំពុងតែទាមទារឱ្យប្រធានាធិបតី លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) និង រដ្ឋាភិបាលរបស់គាត់ ចុះចេញពីតំណែង។ ការផ្ទុះបាតុកម្ម ជាបន្ដបន្ទាប់ ពីប្រជាពលរដ្ឋស្រីលង្កានេះ បានកើតឡើង ក្រោយពេលប្រទេសនៅលើដែនកោះ អាស៊ីខាងត្បូងមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្ដិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន ចាប់តាំងពីប្រទេសមួយនេះទទួលបានឯរាជភាព ពីចក្រភពអង់គ្លេស នៅឆ្នាំ១៩៤៨។

ក្រុមបាតុករ រាប់ពាន់នាក់ បានកាន់ទង់ជាតិស្រីលង្កា ហើយភាគច្រើនបំផុតជិះកង់ និង ដើរដោយសារការខ្វះខាតប្រេងឥន្ធនៈ នាំគ្នាដើរពាសពេញរដ្ឋធានីកូឡុំបូ ដើម្បីទាមទារឲ្យប្រធានាធិបតី ចុះចេញពីតំណែង។ ក្រុមបាតុករ បានស្ដីបន្ទោស ទៅលើប្រធានាធិបតីស្រីលង្កា ជុំវិញវិបត្ដិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនេះ។ បច្ចុប្បន្ន ប្រទេសមួយនេះ កំពុងតែប្រឈមមុខនឹងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ។
លោក រ៉ានីល វិកក្រែមេសិង្ហ (Ranil Wickremesinghe) នាយករដ្ឋមន្រ្ដីស្រីលង្កា បានបញ្ជាក់ កាលពីខែមុនថា សេដ្ឋកិច្ចរបស់ប្រទេស នៅលើដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ បានដួលរលំទាំងស្រុងហើយ។ ចំណែកការចរចារបស់រដ្ឋាភិបាល ជាមួយនឹងមូលនិធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ IMF មានភាពស្មុគ្រស្មាញ ព្រោះបច្ចុប្បន្ន ស្រីលង្កាបានចូលទៅក្នុងការចរចា ជារដ្ឋក្ស័យធន។
ប្រទេសស្រីលង្កា បានប្រកាស កាលពីខែមេសា ថា រដ្ឋាភិបាលកូឡុំបូ កំពុងតែផ្អាកដល់ការសងប្រាក់កម្ចីបរទេស ដោយសារកង្វះរូបិយប័ណ្ណបរទេស។ ប្រាក់បំណុលបរទេសសរុបរបស់ស្រីលង្កា មានទំហំទឹកប្រាក់ ៥១ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយនៅក្នុងនោះ រដ្ឋាភិបាល នឹងត្រូវសងត្រឡប់ទៅម្ចាស់បំណុលវិញ មានទំហំទឹកប្រាក់២៨ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅត្រឹមដំណាច់ ឆ្នាំ២០២៧៕ រក្សាសិទ្ធិដោយ ៖ សារាយSN













