Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Breaking! ៖ ប្រធានាធិបតីស្រីលង្កា រត់ភៀសខ្លួនបាត់ មុនក្រុមអ្នកតវ៉ាចូលឡោមព័ទ្ធ

រដ្ឋធានីកូឡុំបូ៖ ដោយសារវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ អូសបន្លាយ អស់រយៈពេលជាយូរខែកន្លងមកនេះ ទើបធ្វើឲ្យប្រជាជនស្រីលង្កា ផ្ទុះកំហឹងឡើងយ៉ាងខ្លាំង នាំគ្នាទៅឡោមព័ទ្ធលំនៅឋានរបស់ប្រធានាធិបតី ទើបគាត់រត់ភៀសខ្លួនចេញបាត់។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីរសៀល ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ថា បើតាមប្រភពពីមន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានភៀសខ្លួន ចេញពីលំនៅឋានផ្លូវការរបស់គាត់ ស្ថិតក្នុងរដ្ឋធានីកូឡុំបូ (Colombo) កាលពីព្រឹក ថ្ងៃសៅរ៍ មុនពេលក្រុមអ្នកតវ៉ា សម្រុកចូលទៅក្នុងបរិវេណ នៃវិមានរបស់ប្រធានាធិបតី។

ប៉ូលិសស្រីលង្កា នៅថ្ងៃសៅរ៍នេះ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដាក់ទៅលើក្រុមអ្នកតវ៉ា ដែលកំពុងតែទាមទារឱ្យប្រធានាធិបតី លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) និង រដ្ឋាភិបាលរបស់គាត់ ចុះចេញពីតំណែង។ ការផ្ទុះបាតុកម្ម ជាបន្ដបន្ទាប់ ពីប្រជាពលរដ្ឋស្រីលង្កានេះ បានកើតឡើង ក្រោយពេលប្រទេសនៅលើដែនកោះ អាស៊ីខាងត្បូងមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្ដិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន ចាប់តាំងពីប្រទេសមួយនេះទទួលបានឯរាជភាព ពីចក្រភពអង់គ្លេស នៅឆ្នាំ១៩៤៨។

ក្រុមបាតុករ រាប់ពាន់នាក់ បានកាន់ទង់ជាតិស្រីលង្កា ហើយភាគច្រើនបំផុតជិះកង់ និង ដើរដោយសារការខ្វះខាតប្រេងឥន្ធនៈ នាំគ្នាដើរពាសពេញរដ្ឋធានីកូឡុំបូ ដើម្បីទាមទារឲ្យប្រធានាធិបតី ចុះចេញពីតំណែង។ ក្រុមបាតុករ បានស្ដីបន្ទោស ទៅលើប្រធានាធិបតីស្រីលង្កា ជុំវិញវិបត្ដិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនេះ។ បច្ចុប្បន្ន ប្រទេសមួយនេះ កំពុងតែប្រឈមមុខនឹងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ។

លោក រ៉ានីល វិកក្រែមេសិង្ហ (Ranil Wickremesinghe) នាយករដ្ឋមន្រ្ដីស្រីលង្កា បានបញ្ជាក់ កាលពីខែមុនថា សេដ្ឋកិច្ចរបស់ប្រទេស នៅលើដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ បានដួលរលំទាំងស្រុងហើយ។ ចំណែកការចរចារបស់រដ្ឋាភិបាល ជាមួយនឹងមូលនិធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ IMF មានភាពស្មុគ្រស្មាញ ព្រោះបច្ចុប្បន្ន ស្រីលង្កាបានចូលទៅក្នុងការចរចា ជារដ្ឋក្ស័យធន។

ប្រទេសស្រីលង្កា បានប្រកាស កាលពីខែមេសា ថា រដ្ឋាភិបាលកូឡុំបូ កំពុងតែផ្អាកដល់ការសងប្រាក់កម្ចីបរទេស ដោយសារកង្វះរូបិយប័ណ្ណបរទេស។ ប្រាក់បំណុលបរទេសសរុបរបស់ស្រីលង្កា មានទំហំទឹកប្រាក់ ៥១ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយនៅក្នុងនោះ រដ្ឋាភិបាល នឹងត្រូវសងត្រឡប់ទៅម្ចាស់បំណុលវិញ មានទំហំទឹកប្រាក់២៨ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅត្រឹមដំណាច់ ឆ្នាំ២០២៧៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×