គេហទំព័រ Nikkei Asia នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២២ បានរាយការណ៍ព័ត៌មានពីសន្និសីទសារព័ត៌មានរបស់ប៉ូលីស បានឲ្យដឹងថា Tetsuya Yamagami អាយុ ៤១ ឆ្នាំ ដែលត្រូវបានជាប់ចោទពីបទមនុស្សឃាត បានសារភាពក្នុងអំឡុងពេលស៊ើបអង្កេតថា ការសម្លាប់ដោយចេតនាទៅលើលោក Shinzo Abe មិនមែនដោយសារតែការមិនពេញចិត្តខាងនយោបាយរបស់លោកនោះទេ។ ប៉ុន្តែ ដោយសារគាត់មិនពេញចិត្តនឹងអង្គការជាក់លាក់មួយ ហើយគាត់ជឿថា អតីតនាយករដ្ឋមន្ត្រី Abe មានជាប់ទាក់ទងនឹងអង្គការនោះ។
Yamagami បានប្រាប់ថា គាត់ត្រូវបានគេជូនដំណឹងអំពីកាលវិភាគ ការធ្វើសុន្ទរកថារបស់លោក Sinzo Abe តាមរយៈអ៊ីនធឺណិត និងបានទៅដល់កន្លែងកើតហេតុជាមួយអាវុធមួយដើមដែលត្រូវបានបង្កើតឡើងដោយខ្លួនឯង, នេះបើតាមសារព័ត៌មាន Al Jazeera។
ភ្នាក់ងារព័ត៌មានប៉ូលិសបានគូសបញ្ជាក់ថា មិនមានព័ត៌មានច្បាស់លាស់អំពីអង្គការដែលជនសង្ស័យកំពុងសំដៅទៅលើនោះទេ។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនមួយចំនួនបាននិយាយថា អង្គការនេះទំនងជាអង្គការសាសនាមួយ។ ទីភ្នាក់ងារសារព័ត៌មាន NHK បាននិយាយនៅក្នុងការស៊ើបអង្កេតមួយថា Yamagami បានបង្ហាញថា ម្តាយរបស់គាត់បានបរិច្ចាគប្រាក់យ៉ាងច្រើនដល់អង្គការនោះ ច្រើនរហូតដល់បង្កបញ្ហាធ្ងន់ធ្ងរដល់ក្រុមគ្រួសាររបស់គាត់។ ចំពោះអាវុធដែលប្រើក្នុងឧក្រិដ្ឋកម្មនេះ ជាអាវុធច្នៃដែលមានប្រវែងប្រហែល៤០សង់ទីម៉ែត្រ ខណៈការឆ្មក់ចូលផ្ទះល្វែងរបស់ Yamagami មន្ត្រីក៏បានរកឃើញអាវុធផ្សេងទៀតដែលជនរូបនេះបានបង្កើត។
មានសេចក្តីរាយការណ៍ថា ជនសង្ស័យរូបនេះពីមុនធ្លាប់ធ្វើជាមន្ត្រីនៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន រយៈពេល ៣ ឆ្នាំ ដែលព័ត៌មានពីក្រសួងការពារជាតិរបស់មន្ត្រីកងកម្លាំងស្វ័យការពារជប៉ុន ក៏បានបញ្ចេញថា គាត់ត្រូវបានបណ្តុះបណ្តាលផ្នែកបង្កើតកាំភ្លើង ក្នុងនោះរៀនពីរបៀបរុះរើ និងផ្គុំកាំភ្លើង និងព្រមទាំងបានហ្វឹកហាត់បាញ់កាំភ្លើងផងដែរ។
លើសពីនេះទៀត គេបានរកឃើញថា លោក Yamagami បានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុនផលិតកម្មមួយនៅក្នុងតំបន់ Kansai ក្នុងឆ្នាំ ២០២០។ បន្ទាប់មក នៅក្នុងខែមេសា ឆ្នាំ ២០២២ គាត់បានជូនដំណឹងដល់ក្រុមហ៊ុនថា គាត់នឹងលាលែងពីតំណែង ហើយក៏បានឈប់នៅខែបន្ទាប់។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយបរទេសបានលាតត្រដាងរូបភាពនៃពេលវេលាមុនពេលកើតហេតុ គេបានឃើញថា ជនវាយប្រហារ Yamagami ឈរនៅពីក្រោយលោក Abe មុនពេលគាត់ធ្វើសកម្មភាព, នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន NHK ។ រីឯវីដេអូឃ្លីបមួយ ក៏បានបង្ហាញខណៈពេលនៃការបាញ់ប្រហារពីក្រោយ គេបានលឺសំឡេងកាំភ្លើងផ្ទុះ និងផ្សែង ហើយសន្តិសុខនៅជុំវិញក៏បានប្រញាប់ទៅមើលលោក Abe ភ្លាមៗ បន្ទាប់លោកបានដួលទៅនឹងដី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









