ជប៉ុន ៖ ពិតមែនតែសពលោក ស៊ីនហ្ស៊ូ អាបេ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យទៅកាន់ភូមិគ្រឹះរបស់លោក កាលពីថ្ងៃសៅរ៍ក្រោយមួយថ្ងៃនៃការបា.ញ់ប្រ.ហារលោក ប៉ុន្តែពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ ទី១១ និងថ្ងៃអង្គារទី១២ ខែកក្កដា ឆ្នាំ២០២២ ដោយភ្ញៀវចូលរួមត្រូវបានកំណត់ចំនួនតិចតួចប៉ុណ្ណោះ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យរបស់ លោក ស៊ីនហ្ស៊ូ អាបេ បានប្រាប់ទូរទស្សន៍ជប៉ុន NHK និងបណ្ដាញព័ត៌មាន CNN ថា ពិធីបុណ្យសពលោកអាបេ នឹងធ្វើឡើងនៅថ្ងៃចន្ទ រីឯពិធីគោរពវិញ្ញាណក្ខន្ធ នឹងធ្វើឡើងនៅថ្ងៃអង្គារ សប្ដាហ៍នេះ។

ពិធីបុណ្យសពលោកអាបេ នឹងត្រូវដឹកនាំដោយភរិយារបស់លោកផ្ទាល់ គឺលោកស្រី អាគី អាបេ (Akie Abe) នៅឯវិហារមួយក្នុងទីក្រុងតូក្យូ ហើយចំនួនអ្នកចូលរួមនឹងត្រូវបានដាក់កំណត់ ពោលគឺ មានតែសមាជិកគ្រួសារ និងមនុស្សដែលជិតស្និទ្ធជាមួយលោកអាបេ ប៉ុណ្ណោះ។
សូមបញ្ជាក់ថា លោក ស៊ីនហ្ស៊ូ អាបេ ជាកូនប្រុសក្នុងត្រកូលគ្រួសារអភិជនលំដាប់លេខមួយ និងមានឥទ្ធិពលលើវិស័យនយោបាយ។ លោកកើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥១ នៅក្នុងទីក្រុងតូក្យូ។ លោក ស៊ីនហ្ស៊ូ អាបេ មានឪពុកឈ្មោះ ស៊ិនតារ៉ូ អាបេ ជាអតីតរដ្ឋមន្ត្រីការបរទេស ដែលកាន់តំណែងយូរបំផុតរបស់ជប៉ុន និងម្តាយមានឈ្មោះ យូកូ កីស៉ី ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនក្នុងឆ្នាំ១៩៥៧-១៩៦០។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារបណ្ដាលឱ្យលោកដួលក្នុងថ្លុកឈាមបង្កភាពតក់ស្លុតជាថ្មីសម្រាប់ប្រទេសលទ្ធិប្រជាធិបតេយ្យគំរូមួយនេះ បន្ទាប់ពីកម្រកើតមានស្នូរកាំភ្លើងលើអ្នកនយោបាយអស់រយៈកាលយូរអង្វែងមកហើយ។
លោក ស៊ីនហ្ស៊ូ អាបេ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះជីវិត ដែលពេលនោះ គេមិនអាចដឹងពីស្ថានភាពរបស់ លោក អាបេ នោះទេ, តែបើតាមសារព័ត៌មាន Jiji ផ្សាយឱ្យដឹងថា លោក ស៊ីនហ្ស៊ូ អាបេ ហូរឈាមចេញពីម្ដុំ.ក ហើយសន្លប់មិនដឹងខ្លួន និងមិនមានសញ្ញាសង្ឃឹមរស់ឡើយនៅពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយទីបំផុត លោកក៏បានទទួលមរណភាពនៅគ្រានោះតែម្ដង។
ក្រុមមន្ត្រីនៅកន្លែងកើតហេតុ បាននិយាយឲ្យដឹងថា ការបាញ់ប្រហារនេះ កើតឡើងក្នុងពេល លោក អាបេ ថ្លែងសុរន្ទកថាមួយនៅឯទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន នាព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិផ្សេងៗទៀត បានឲ្យដឹងថា ខណ: លោក ស៊ីនហ្ស៊ូ អាបេ កំពុងថ្លែងសុន្ទរកថា ស្រាប់តែ មានស្នូរគ្រាប់កាំភ្លើងផ្ទុះលាន់ឮឡើង សំដៅមកចំទ្រូងរូបលោក បណ្ដាលឲ្យដួលខ្ពោកនៅនឹងកន្លែង គឺដេកដួលក្នុងថ្លុកឈាម, ចំណែកបុរសម្នាក់ដែលត្រូវបានសង្ស័យថា ជាខ្មាន់កាំភ្លើង ត្រូវបានចាប់ខ្លួនភ្លាមៗ។
ការថ្លែងសុន្ទរកថានេះ គឺ លោក ស៊ីនហ្ស៊ូ អាបេ ធ្វើឡើងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជនមកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យសប្ដាហ៍កន្លងមកនេះ ហើយពេលនេះ ការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន បានប្រព្រឹត្តទៅរួចរាល់ហើយ។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) ឲ្យដឹងផងដែរថា រដ្ឋាភិបាលជប៉ុន បានទទួលស្គាល់នៅថ្ងៃសុក្រកន្លងមកនេះថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ពិតជាត្រូវបានគេលបបា.ញ់ប្រ.ហារប្រាកដមែន នៅក្នុងទីក្រុង Nara ស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុន នៅម៉ោងប្រមាណ ១១៖៣០នាទីព្រឹក (ម៉ោងក្នុងតំបន់)។
គួរបញ្ជាក់ថា លោក ស៊ីនហ្ស៊ូ អាបេ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៧ ក៏លាលែងតំណែងជានាយករដ្ឋមន្ត្រីដោយលក្ខខណ្ឌសុខភាពមិនឲ្យដល់, លោកទៅធ្វើកិច្ចការផ្សេងៗមួយរយៈ បន្ទាប់មកក៏បន្តឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនវិញ ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០២០៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















