រដ្ឋធានីកូឡុំបូ៖ ជាមួយនឹងការវណ្ឌកនឹងបំណុលបរទេស ជាង៥១ពាន់លានដុល្លារ បានធ្វើឲ្យប្រទេសស្រីលង្កា ធ្លាក់ចូលទៅក្នុងវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត រហូតមិនអាចដោះស្រាយបាន ហើយនៅពេលនេះ ប្រជាជនរបស់ប្រទេសនៅលើដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ បានផ្ទុះកំហឹងឡើងយ៉ាងខ្លាំង ហើយនាំគ្នាទៅលើព័ទ្ធវិមានរបស់ប្រធានាធិបតី រហូតជំរុញឲ្យគាត់ និង នាយករដ្ឋមន្រ្ដី ប្រកាសលាលែងពីតំណែងរបស់ពួកគេ ដើម្បីត្រួសត្រាយផ្លូវ នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
សារព័ត៌មាន 9 News បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២២ ថា ប្រធានាធិបតី និង នាយករដ្ឋមន្ត្រីស្រីលង្កា កាលពីថ្ងៃសៅរ៍ បានយល់ព្រមលាលែងពីតំណែងបន្ទាប់ពីប្រទេសនេះមានភាពចលាចលនយោបាយយ៉ាងខ្លាំង អស់រយៈពេលជាច្រើនខែកន្លងមនេះ។ ក្រុមបាតុករបានសម្រុកចូលផ្ទះរបស់ប្រធានាធិបតី និង នាយករដ្ឋមន្ត្រី ហើយបានដុតបំផ្លាញអគារមួយ នៅក្នុងកំហឹង ជុំវិញវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងររបស់ប្រទេស។

ក្រោយពេលសេដ្ឋកិច្ចរបស់ស្រីលង្កា បានដួលរលំទាំងស្រុង ធ្វើឲ្យប្រទេសនៅលើដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ ត្រូវប្រឈមមុខនឹងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវយ៉ាងធ្ងន់ធ្ងរបំផុត។ ស្ថិតក្នុងស្ថានភាព មានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បែបនេះ ប្រជាជនស្រីលង្កា រាប់ពាន់នាក់ កាលពីថ្ងៃសៅរ៍ បាននាំគ្នាចេញតាមដងផ្លូវ ស្ថិតក្នុងរដ្ឋធានីពាណិជ្ជកម្ម កូឡុំបូ ទាមទារឱ្យលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ប្រធានាធិបតី ចុះចេញពីតំណែង។ បាតុកម្មនេះ បានប្រែក្លាយទៅជាហិង្សា ក្រោយហ្វូងមនុស្ស បានបញ្ចេញនូវកំហឹងរបស់ពួកគេ ហើយបានសម្រុកទៅឡោមព័ទ្ធវិមានរបស់ប្រធានាធិបតី រហូតបង្ខំឱ្យគាត់ ភៀសខ្លួនចេញ។
សារព័ត៌មាន Newswire បានរាយការណ៍ថា លោក វ៉ាជីរ៉ា អាបេវ៉ាដែណា (Vajira Abeywardena) ប្រធានាគណបក្សរួមរួមជាតិ ហៅកាត់ UNP បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «បើតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសស្រីលង្កា គឺនាយករដ្ឋមន្រ្ដីស្រីលង្កា មិនអាចលាលែង ចេញពីតំណែង ខណៈប្រទេសជាតិប្រឈមមុខនឹងស្ថានភាពបែបនេះឡើយ» ។
នៅពេលមានសំណួរជាច្រើន ត្រូវបានសាកសួរ នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន
ប្រសិនបើនាយករដ្ឋមន្ត្រីលាលែងពីតំណែង អតីតសមាជិកសភារូបនេះ បានថ្លែង ដោយលើកឡើងពីរដ្ឋធម្មនុញ្ញ ហើយបានច្រានចោលនូវការទាមទារឲ្យនាយករដ្ឋមន្រ្ដីស្រីលង្កា ត្រូវតែលាលែងពីតំណែង។ «គាត់ខកចិត្តនឹងប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍មិនត្រឹមត្រូវ។ ដូច្នេះ សូមលោកអ្នកមើលមាត្រា ៣៧ នៃរដ្ឋធម្មនុញ្ញស្រីលង្កា។ រដ្ឋធម្មនុញ្ញ បានសរសេរ ដើម្បីធ្វើឱ្យប្រទេសមានស្ថិរភាព ខណៈប្រទេសស្ថិតក្នុងស្ថានភាពបែបនេះ» ។ អតីតសមាជិកសភារូបនេះ បាននិយាយយោងទៅតាមសារព័ត៌មានរបស់កូឡុំបូ Newswire ។
ក្រុមជំនាញកិច្ចការយុទ្ធសាស្ត្រ នៅក្នុងប្រទេសឥណ្ឌា បានអះអាងថា ការអភិវឌ្ឍស្ថានការណ៍ នៅប្រទេសស្រីលង្កា ជារឿងចៀសមិនរួច។ ស្ថានការណ៍ដ៏អាក្រក់ មិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្ដិសាស្រ្ដ ជាង៧០ឆ្នាំកន្លងមកនេះ។ នៅចំពោះមុខការខឹងសម្បារបស់ប្រជាជន ប្រឆាំងនឹងគ្រួសាររបស់ប្រធានាធិបតី រ៉ាចាប៉ាកសា (Rajapaksa) ជុំវិញការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា។
នៅក្នុងពេលជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញ បានសង្កត់ធ្ងន់ថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ទំនងជាមិនមានភាពប្រសើរឡើងវិញនោះទេ ដោយសារតែប្រធានាធិបតី Gotabaya Rajapaksa បានសម្រេចចិត្ត ចុះចេញពីតំណែង ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី មកពីគ្រប់ភាគី នៅក្នុងប្រទេសលើដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ។
លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ប្រធានាធិបតីស្រីលង្កា កាលពីថ្ងៃសៅរ៍ បានប្រកាសថា គាត់នឹងចុះចេញពីតំណែង នៅថ្ងៃទី១៣ ខែកក្កដា ។ ការប្រកាសរបស់ប្រធានាធិបតីស្រីលង្កា បានកើតឡើង តែប៉ុន្មានម៉ោង បន្ទាប់ពីក្រុមបាតុករ រាប់ពាន់នាក់ពោរពេញដោយការខឹងសម្បា បានសម្រុកចូលលំនៅឋានផ្លូវការរបស់គាត់ ហើយបានដុតផ្ទះផ្ទាល់ខ្លួនរបស់លោក រ៉ានីល វិកក្រែមែសិង្ហ (Ranil Wickremesinghe) នាយករដ្ឋមន្រ្ដីស្រីលង្កា ខណៈគាត់បានប្រកាស លាលែងពីតំណែងផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN























