Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្រ្ដាលីនិងនូវ៉ែលហ្សេឡង់ដ៍ កំពុងតែភ័យនឹងឥទ្ធិពលចិន នៅប៉ាស៊ីហ្វិក

រាជធានីកង់បេរ៉ា៖ ដោយសារតែចិនកំពុងតែបង្កើនឥទ្ធិពលយោធា ឥតឈប់ឈរ នៅក្នុងតំបន់ប៉ាស៊ីហ្វិកនោះ ទើបធ្វើឲ្យបណ្ដាប្រទេសដែនកោះជាច្រើន ព្រួយបារម្ភយ៉ាងខ្លាំង ហើយអូស្ត្រាលី នៅតែរក្សាជាជម្រើសដៃគូសន្តិសុខ សម្រាប់ប្រជាជាតិទាំងនោះ ដើម្បីទប់ទល់នឹងឥទ្ធិពលចិន កាន់តែកើនឡើង ហើយវានឹងក្លាយជាប្រធានបទយ៉ាងសំខាន់ សម្រាប់លោក អេនធូនី អាល់បាណែស (Anthony Albanese) នៅក្នុងការចូលរួមកិច្ចប្រជុំមេដឹកនាំ នៅក្នុងតំបន់ នាសប្តាហ៍នេះ។

សារព័ត៌មាន AFR បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ថា លោក អេនធូនី អាល់បាណែស (Anthony Albanese) នាយករដ្ឋមន្រ្ដីអូស្ដ្រាលី នឹងចូលរួម នៅក្នុងកិច្ចប្រជុំមេដឹកនាំតំបន់ប៉ាស៊ីហ្វិក ចំនួន១៧ប្រទេសផ្សេងទៀត រួមមាន ប្រទេសនូវ៉ែលហ្សេឡង់ដ៍ (New Zealand) និង កោះសូឡូម៉ុង (Solomon Islands) ។ វេទិកាកិច្ចប្រជុំកោះប៉ាស៊ីហ្វិកនេះ នឹងចាប់ផ្ដើម នៅថ្ងៃពុធ នៅកោះហ្វីជី (Fiji) ។

លោក អេនធូនី អាល់បាណែស (Anthony Albanese) នាយករដ្ឋមន្រ្ដីអូស្ដ្រាលី និង សមភាគីនូវ៉ែលហ្សេឡង់ដ៍ លោកស្រី ជេស៊ីនដា អើឌឺន (Jacinda Ardern) កាលពីសប្ដាហ៍កន្លងទៅនេះ បានឯកភាព នៅក្នុងកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងស៊ីដនី ដោយលើកឡើង អំពីផលប៉ះពាល់ដល់សន្តិសុខ កើតចេញពីការទន្ទ្រានរបស់ចិន នៅក្នុងតំបន់ចាំបាច់ ត្រូវមាននៅក្នុងរបៀបវារៈនៃវេទិកានេះ។

អូស្ត្រាលី និង នូវ៉ែលហ្សេឡង់ដ៍ តែងតែមានការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងសន្តិសុខ រវាងចិន និង កោះសូឡូម៉ុង អាចនាំឱ្យមានមូលដ្ឋានទ័ពជើងទឹករបស់ចិន ត្រូវបានបង្កើតឡើង នៅភាគខាងត្បូង ប៉ាស៊ីហ្វិក។

លោក អេនធូនី អាល់បាណែស (Anthony Albanese) នាយករដ្ឋមន្រ្ដីអូស្ដ្រាលី បានបញ្ជាក់ថា «គ្មានអ្វីត្រូវងឿងឆ្ងល់ អំពីសន្ដិសុខ ហើយកិច្ចព្រមព្រៀងសន្តិសុខនេះ នឹងក្លាយជាប្រធានបទ នៅក្នុងកិច្ចប្រជុំ PIF នេះ ។ វាជាហេតុផលមួយ ក្នុងចំណោមហេតុផលជាច្រើនទៀត ដែលខ្ញុំប្តេជ្ញាចិត្ត នៅក្នុងការចូលរួមនេះ ព្រោះវាជាផលប្រយោជន៍ជាតិរបស់អូស្ត្រាលី សម្រាប់ខ្ញុំត្រូវតែធ្វើដូច្នេះ»។

លោក អេនធូនី អាល់បាណែស បានសង្កត់ធ្ងន់ថា អូស្រ្ដាលី ចង់រក្សាជាជម្រើសដៃគូសន្ដិសុខ សម្រាប់ប្រទេសជិតខាង នៅលើកោះតំបន់ប៉ាស៊ីហ្វិក។ ប៉ុន្ដែមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ជុំវិញឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ ជាពិសេស នៅកោះសូឡូម៉ុង ដែលគំរាមកំហែងដល់កន្លែងរបស់អូស្ត្រាលី ជាដៃគូជម្រើសដំបូង»៕រក្សាសិទ្ធិដោយ ៖​សារាយSN

×