ភ្នំពេញ៖ ខណៈដែល តម្លៃប្រេងឥន្ធនៈ នៅទីផ្សារផ្សារកម្ពុជា ធ្លាក់ចុះមកនៅត្រឹម ៥.២៥០រៀល ក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៥.៦០០រៀល ក្នុងមួយលីត្រ សម្រាប់ម៉ាស៊ូត អ្នកវិភាគ បានព្យាករថា តម្លៃប្រេង អាចនឹងបន្តធ្លាក់ចុះដល់ ៤៥ដុល្លារក្នុងមួយធុងបារ៉ែល នៅដំណាច់ឆ្នាំនេះ។ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ធ្លាក់ចុះនេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។ ការធ្លាក់ចុះនៃតម្លៃប្រេងនៅទីផ្សារកម្ពុជានេះ ដោយសារការធ្លាក់ចុះនៃតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ប្រទេសកម្ពុជា មានតម្រូវការនាំចូលប្រេងចន្លោះពីជាង ២លានតោន ទៅ ៣លានតោន ក្នុងមួយឆ្នាំ។



អ្នកវិភាគព្យាករថា តម្លៃប្រេងអាចនឹងបន្តធ្លាក់ចុះរហូតដល់ ៦៥ដុល្លារក្នុងមួយធុងបារ៉ែល នៅដំណាច់ឆ្នាំ ឬអាចចុះដល់ ៤៥ដុល្លារផង ប្រសិនបើគ្មានអន្តរាគមន៍របស់អង្គការក្រុមប្រទេសអ្នកនាំចេញប្រេង Opep+ទេ។

សម្រាប់តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិនៅថ្ងៃនេះ មានតម្លៃជាង ១០៣ដុល្លារ ក្នុងមួយបារ៉ែល សម្រាប់ប្រភេទ WTI នៅកិច្ចសន្យាលក់នៅខែសីហា និងជាង ១០៦ដុល្លារ ក្នុងមួយបារ៉ែល សម្រាប់ប្រភេទ Brent នៅក្នុងកិច្ចសន្យាលក់នៅខែកញ្ញា។

អង្គការ Opec និងមិនមែន Opec នឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីការកំណត់តម្លៃប្រេងនាពេលឆាប់ៗខាងមុខនេះ ដែលកិច្ចប្រជុំនេះ នឹងដឹកនាំដោយរុស្ស៊ី។
គួរបញ្ជាក់ថា តម្លៃប្រេង បានកើនឡើងបន្ទាប់ពីមានការរំពឹងទុកថា សេដ្ឋកិច្ចពិភពលោក នឹងងើបឡើងវិញក្រោយកូវីដ១៩ធូរស្រាល និងការផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កការអំពីការខ្វះខាតការផ្គត់ផ្គង់ និងការរំខានជាសកល។ តម្លៃប្រេង បានបន្តកើនឡើងជាលំដាប់ បន្ទាប់ពីសហភាពអឺរ៉ុប បានផ្លាស់ប្តូរដើម្បីកាត់ផ្តាច់ប្រេងឆៅរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្ម និងការដាក់ទណ្ឌកម្មរបស់សម្ព័ន្ធមិត្តលោកខាងលិចលើប្រទេសរុស្ស៊ី៕