ភ្នំពេញ៖ ឯកឧត្តម ប៉ែន សុជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានដឹងថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ទទួលបានពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងនីតិបុគ្គល សរុបចំនួន ៦.៩៦២ពាក្យស្នើសុំ។ ក្នុងនោះ ពាក្យស្នើសុំទទួលនៅក្រសួងពាណិជ្ជកម្មចំនួន ៥.៦៤១, ពាក្យស្នើសុំទទួលតាមមន្ទីរខេត្តសរុបចំនួន ១.២០១, ពាក្យស្នើសុំទទួលតាមអនឡាញចំនួន ១២០ និងសរុប ៦.៩៦២ ពាក្យស្នើសុំ។

ឯកឧត្តមបានបន្តថា សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយមិនទាន់បានធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចធ្វើការស្នើសុំបាន ប៉ុន្តែត្រូវផ្អែកលើគោលការណ៍ច្បាប់ជាធរមានមួយចំនួន។ មូលហេតុចម្បងដែលត្រូវស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មតាមអនឡាញ ដើម្បីការពារសុវត្ថិភាពអ្នកលក់ និងអ្នកទិញ លើការទំនាក់ទំនងទិញលក់និងទូទាត់លុយតាមអនឡាញ ជាដើម។

អាជីវករលក់ដូរតាមអនឡាញបានលើកឡើងថា ការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នឹងជួយលុបបំបាត់ជនឆរបោកលើប្រព័ន្ធអនឡាញ និងបង្កើនទំនុកអតិថិជនកាន់តែខ្ពស់។ ក្រុមអាជីវករដែលរកស៊ីលក់ដូរមុខរបរផ្សេងៗគ្នាតាមអនឡាញ បានលើកឡើងថា ការដែលខ្លួនមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនេះ នឹងធ្វើឲ្យអាជីវកម្មលក់ដូររបស់ខ្លួនតាមអនឡាញកាន់តែលក់ដាច់ជាងមុន ជាពិសេសដើម្បីលុបបំបាត់ជនឆរបោកលើប្រព័ន្ធអនឡាញ។

ផ្អែកលើគោលការណ៍ច្បាប់ជាធរមាន ក្រសួងពាណិជ្ជកម្មនៅតែបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមនីតិវិធីមួយចំនួន ដូចជា នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ត្រូវមកដាក់ពាក្យស្នើសុំ តែត្រូវរងការផាកពិន័យតាមច្បាប់ជាធរមាន។

សូមជម្រាបថា ប្រភេទអាជីវកម្មតាមអនឡាញ ចំនួន ៦ប្រភេទ ត្រូវបានលើកលែង ដោយមិនចាំបាច់ទៅចុះបញ្ជី រួមមាន៖ ១. ការផ្សព្វផ្សាយពាណិជ្ជកម្ម អំពីទំនិញ ឬ សេវារបស់ខ្លួន ដែលមិនបានផ្ដល់សេវាពាណិជ្ជកម្ម ទិញ-លក់ ២. ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ ៣. ការលក់ទំនិញ ឬសេវារបស់រូបវន្តបុគ្គល ដែលមានផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០លានរៀល ក្នុង ១ឆ្នាំ ) ៤. ការលក់ទំនិញ ឬ ផ្ដល់សេវា ដែលមានលក្ខណៈគ្រួសារតាមរដូវកាល ៥. ការលក់ ទំនិញជាស្នាដៃសិល្បៈ និង ៦. ការបង្ហាត់បង្រៀនសិស្សតាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀនជាសិក្ខាសាលា៕