បើតាមរបាយការណ៍អង្គការសហប្រជាជាតិ ស្តីពីការជំរឿនប្រជាជន បានបង្ហាញថា ចំនួនប្រជាជនពិភពលោកនាពេលបច្ចុប្បន្ន ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ៨ពាន់លាននាក់ត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ហើយអាចកើនឡើងដល់ ៨.៥ពាន់លាននាក់ក្នុងឆ្នាំ២០៣០ និង ១០.៤ពាន់លាននាក់នៅ ឆ្នាំ២១០០ ដោយសារល្បឿននៃការស្លាប់មានការថយចុះ។
ការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ចំនួនប្រជាជនពិភពលោកកំពុងកើនឡើងក្នុងល្បឿនយឺតបំផុតចាប់តាំងពីឆ្នាំ១៩៥០ ដោយបានធ្លាក់ចុះក្រោម ១ភាគរយក្នុងឆ្នាំ២០២០។

របាយការណ៍អង្គការសហប្រជាជាតិនេះ ផ្សាយក្នុងទិវាប្រជាជនពិភពលោក ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាននៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងទៀតថា ប្រជាជនឥណ្ឌា មានចំនួន ១.២១ពាន់លាននាក់ក្នុងឆ្នាំ២០១១ និងបានកើនឡើងដល់ ១ ៣៥២លាននាក់ ក្នុងឆ្នាំ២០១៨, ហើយប្រទេសអាស៊ីខាងត្បូងមួយនេះ មានផ្ទៃដីសរុប ៣ ២៨៧ ២៦៣គីឡូម៉ែត្រការ៉េ និងមានផលិតផលសរុប (GDP) នៅឆ្នាំ២០២២ ចំនួន ១១,៧៤៥ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើយោងតាមជំរឿនក្នុងស្រុកដែលត្រូវបានធ្វើឡើងរយៈពេល១០ឆ្នាំម្ដង ប៉ុន្តែរដ្ឋាភិបាលឥណ្ឌា បានពន្យារពេលជំរឿនឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតកូវីដ-១៩។
ចំណែកប្រទេសចិន វិញ បើតាមស្ថិតិ Wikipedia ក្នុងឆ្នាំ២០២១ មានប្រជាពលរដ្ឋសរុប ជាង ១ ៤១២លាននាក់។ ចិន មានផ្ទៃដីសរុប ៩ ៥៩៦ ៩៦១គីឡូម៉ែត្រការ៉េ និងព្រំដែនជាប់ជាមួយនឹងប្រទេស ចំនួន១៤ ហើយប្រទេសមហាយក្សអាស៊ីមួយនេះ មានផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២២ ចំនួន ៣០,១៨ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក។
យោងលើភស្ដុតាងនេះ ប្រជាជនឥណ្ឌា នឹងឡើងវ៉ាដាច់ប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកនៅឆ្នាំ២០២៣, របាយការណ៍បានបង្ហាញផងដែរថា ការមានកូនច្រើន ក៏ជាបញ្ហាប្រឈមនឹងកំណើនសេដ្ឋកិច្ចដូច្នោះដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














