អ៊ីរ៉ង់ ៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Washington post នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ ២០២២ បានឱ្យដឹងថា រដ្ឋបាលប្រជាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការចោទប្រកាន់ថា អ៊ីរ៉ង់កំពុងត្រៀមបញ្ជូនយន្តហោះដ្រូនរាប់រយគ្រឿងទៅឱ្យរុស្ស៊ី ដើម្បីប្រយុទ្ធនៅសមរភូមិជាមួយអ៊ុយក្រែង ក្នុងនោះរួមមាន យន្តហោះដ្រូនប្រយុទ្ធប្រដាប់ដោយមីស៊ីល ដែលលោកខាងលិច ចាត់ទុកថា ជាការឈ្លានពាន។
ផែនការបញ្ជូនយន្តហោះដ្រូនខាងលើរបស់អ៊ីរ៉ង់ ទៅឲ្យរុស្ស៊ី ត្រូវបានប្រកាសដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកជេក ស៊ូលីវ៉ាន់ នៅឯសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

លោក ស៊ូលីវ៉ាន់ បានគូសបញ្ជាក់ដូច្នេះថា «ព័ត៌មាន របស់យើងបានបញ្ជាក់ថារដ្ឋាភិបាលអ៉ីរ៉ង់កំពុងត្រៀមបញ្ជូនយន្ដហោះដ្រូនរាប់រយគ្រឿងឱ្យរុស្ស៉ី ក្នុងនោះរួមមានទាំងយន្ដហោះដ្រូនប្រយុទ្ធប្រដាប់ដោយ មីស៊ីល» លោកក៏បន្ថែមទៀតថា អ៉ីរ៉ង់ក៏កំពុងត្រៀមបណ្ដុះបណ្ដាលរុស្ស៉ី ពីរបៀបប្រើយន្ដហោះដ្រូន និងអាវុធរបស់ខ្លួនផងដែរដែលអាចនឹងធ្វើឡើង ឆាប់ៗនេះ ឬអាចនៅក្នុងខែកក្កដានេះតែម្ដង។
គូសបញ្ជាក់ផងដែរថា បើតាមលោក ជេក ស៊ូលីវ៉ាន់ ផែនការបញ្ជូនយន្ដហោះដ្រូនពីសំណាក់អ៉ីរ៉ង់ឱ្យរុស្ស៉ី អាចនឹងជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ក្នុងការកំណត់ទីតាំង និងការកម្ទេចអាវុធ ដែលអ៊ុយក្រែនទទួលបានពីលោកខាងលិច ដ្បិតអាវុធទាំងនេះកំពុងពន្យឺតការវាយលុករបស់រុស្ស៉ី។ ម្យ៉ាងវិញទៀត ការប្រកាសនេះទៀតសោត ធ្វើឡើងនៅមុនពេលលោកប្រធានាធិបតី ចូ បៃដិន ត្រូវបំពេញទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ាជាទីដែលលោកត្រូវបានគេ រំពឹងថានឹងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តសំខាន់ៗពីគោលនយោបាយរួមមួយចំពោះអ៉ីរ៉ង់៕រក្សាសិទ្ធិដោយ ៖ សារាយSN











