Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់ ចាប់ផ្ដើមផ្ដល់ដ្រូនបំពាក់គ្រឿងអាវុធរាប់រយគ្រឿង ទៅឲ្យរុស្ស៊ី

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន និង ក្រុងមូស្គូ កំពុងតែវាយប្រយុទ្ធគ្នា អស់រយៈពេលជាង៤ខែកន្លងមកនេះ ក៏មានសេចក្ដីរាយការណ៍ថ្មីបន្ថែមទៀតថា អ៊ីរ៉ង់ កំពុងតែបង្ហាត់បង្រៀនដល់កម្លាំងយោធារុស្ស៊ី ឲ្យចេះប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូន បំពាក់គ្រឿងសព្វាវុធ ដែលក្រុងតេអ៊ីរ៉ង់ ត្រៀមនឹងបញ្ជូនទៅឲ្យ មានចំនួនរាប់រយគ្រឿង។

សារព័ត៌មាន Middle East Eye បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ថា សេតវិមានរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីថ្ងៃចន្ទ ថា អ៊ីរ៉ង់កំពុងរៀបចំបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយទីក្រុងមូស្គូ នៅក្នុងសង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន។

លោក ជេក ស៊ុលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិ សហរដ្ហអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក មិនបានប្រាកដថា តើអ៊ីរ៉ង់បានផ្ដល់ប្រព័ន្ធដ្រូនណាមួយ ទៅដល់ប្រទេសរុស្ស៊ី រួចហើយឬនៅនោះឡើយ។ ប៉ុន្ដែក្រុងវ៉ាស៊ីនតោន មានព័ត៌មាន ដែលបង្ហាញថា អ៊ីរ៉ង់ កំពុងតែរៀបចំហ្វឹកហ្វឺន ជួយដល់កម្លាំងទាហានរុស្ស៊ី ដើម្បីឲ្យចេះប្រើប្រាស់ដ្រូនទាំងនោះ ឲ្យបានឆាប់ នៅក្នុងខែនេះ។

ប្រធានទីប្រឹក្សាសន្ដិសុខជាតិ សហរដ្ឋអាមេរិក បានបន្ថែមថា «ព័ត៌មានរបស់យើង បង្ហាញថា រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងតែរៀបចំ ផ្ដល់ដ្រូនរាប់រយគ្រឿង ដែលមានសមត្ថភាព បំពាក់គ្រឿងសព្វាវុធ តាមពេលវេលាកំណត់ដ៏ឆាប់រហ័សមួយ ដើម្បីបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី»។

លោក ស៊ូលលីវ៉ាន់ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក មានភស្តុតាងថា ការទម្លាក់គ្រាប់បែកដ៏ច្រើនលើសលប់របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ដែលនាំឱ្យរុស្ស៊ី សម្រេចបានគោលបំណងមួយចំនួន នៅតំបន់ភាគខាងកើត ប្រទេសអឺរ៉ុបមួយនេះ នៅក្នុងរយៈប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ»៕រក្សាសិទ្ធិដោយ ៖ សារាយSN

×