ភ្នំពេញ៖ បើយោងតាមទិន្ន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់កម្ពុជានៅឆមាសទី១ឆ្នាំនេះ បានកើនឡើងជាង ២០% ដែលមានតម្លៃទឹកប្រាក់សរុបប្រមាន ២៧,២៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យ បានឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ បានកើនឡើង ៣៣,៩ ភាគរយ ពីតម្លៃទឹកប្រាក់ ៨,៤៩ពាន់លានដុល្លារ ដល់ ១១,៣៧ពាន់លានដុល្លារ។ ចំណែក ការនាំចូលមានតម្លៃទឹកប្រាក់សរុបប្រមាណ ១៥,៨៦ ពាន់លានដុល្លារ បានកើនឡើង ១១,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុន ដែលមានប្រមាណ ១៤,១៧ពាន់លានដុល្លារ។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារក្រៅប្រទេសមានដូចជា សម្លៀកបំពាក់កាត់ដេរ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ, លិតផលកសិកម្ម អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី និងកៅស៊ូ, គ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនី, កង់ និងគ្រឿងសង្ហារឹម ជាដើម។ ខណៈមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលត្រឡប់មកវិញ មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, គ្រឿងអេឡិចត្រូនិក, យានយន្ត និងគ្រឿងចក្រ, សម្ភារៈសំណង់, ប្រេងឥន្ធនៈ ឳសថ និងគ្រឿងបរិក្ខាពេទ្យ, គ្រឿងអលង្ការមានតម្លៃ, គ្រឿងសម្អាង និងគ្រឿងឧប ភោគបរិភោគជាដើម។

អ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា ការកើនឡើងនៃការធ្វើពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជានាពេលនេះ បានឆ្លុះបញ្ចាំងពីការស្ទុះឡើងនៃសកម្មភាពអាជីវកម្មនានានៅក្នុងប្រទេស ដែលជាសញ្ញាដ៏ល្អប្រសើរសម្រាប់បង្កើនល្បឿនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថា កម្ពុជា មានដៃគូពាណិជ្ជកម្មសំខាន់ៗជាច្រើនដែលបំរើដល់ការលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់ខ្លួន រួមមាន៖ សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ប្រទេសចិន, វៀតណាម, ថៃ, ជប៉ុន, អាល្លឺម៉ង់, កាណាដា, អង់គ្លេស និងសិង្ហបុរីជាដើម៕