Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យមានការអនុវត្តច្បាប់ ដើម្បីការពារអ្នកប្រើប្រាស់

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រ ធានគណៈកម្មាធិកាជាតិការពារអ្នកប្រើប្រាស់ បានលើកឡើងថា ការជំរុញឱ្យមានការអនុវត្តច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីការពារអ្នកប្រើប្រាស់។ នេះមិនត្រឹមតែមានសារសំខាន់សម្រាប់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការបន្ទាន់សម្រាប់សមាហរណកម្មសេដ្ឋកិច្ច កាន់តែទូលំទូលាយ ទាំងក្នុងតំបន់ និងអន្តរជាតិ។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា និងឯកសារគតិយុត្តផ្សេងៗនាថ្ងៃទី ១២ខែកក្កដា ឆ្នាំ ២០២២ ដែលមានការចូលរួមពី ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង, និងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ បាន និងកំពុងអនុវត្តតួនាទី និងភារកិច្ចដែលផ្តល់អាណត្តិដោយច្បាប់ ដើម្បីចូលរួមអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅជំរុញឱ្យការធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ប្រកបដោយសុចរិតភាព ការប្រកួតប្រជែង ដោយស្មើភាព ទប់ស្កាត់និងបង្ក្រាបការក្លែងបន្លំពាណិជ្ជកម្ម ធានាគុណភាព សុវត្ថិភាព និងអនុលោមភាព លើផលិត ផលទំនិញនិងសេវា និងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីពាណិជ្ជកម្ម ឯកឧត្តមបានអំពាវនាវដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ចការពារអ្នកប្រើប្រាស់ សូមយកចិត្តទុកដាក់អនុវត្តនូវកាតព្វកិច្ចទាំងនោះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយស្ថាប័នមានសមត្ថកិច្ច និងអ្នកប្រើប្រាស់ ក្នុងការកសាងសង្គមកម្ពុជា ឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

×