និយាយដល់ឈ្មោះ រ៉ូស ប្រិយមិត្តណាដែលថាមិនស្គាល់នោះ ដែលតារាសម្តែងស្រីរូបនេះ បានចាប់ផ្តើមល្បីឈ្មោះ តាមរយៈថត MV បែបរោលរាលនៅមុខរថយន្ត និងលើគ្រែ ដែលទទួលការរិះគន់កក្រើកប្រទេស កាលពីឆ្នាំ២០១៩ ហើយក្រោយមក កាន់តែល្បីខ្លាំង នៅពេលនិយាយនៅលើបណ្ដាញសង្គម TikTok ឆ្លើយតបទៅកាន់មីងម្នាក់ថា អត់ស្គាល់ខ្លួន ប្រៀបដូចអត់ស្គាល់ក្រដាស១០ ក្រដាស២០ និងវិមានឯករាជ្យ អុីចឹង។
ក្រោយល្បីឈ្មោះ គេស្គាល់ច្រើន ដោយសាររឿងដ៏គួរឲ្យហួសចិត្តទាំងពីរខាងលើនេះ រ៉ូស ក៏ចាប់ផ្តើមមានសន្ទុះទីផ្សារការងារថតផ្សព្វផ្សាយពាណិជ្ជកម្ម ពីបណ្តាហាង និងក្រុមហ៊ុនផលិតផលជាច្រើន។ នៅពេលនោះ រ៉ូស ក៏បានធ្វើឲ្យមហាជនក្នុងបណ្តាញសង្កម ផ្ទុះការភ្ញាក់ផ្អើលស្ទើរខ្យល់ចាប់ នៅពេលលឺអួតថា បើសិនជាក្រុមហ៊ុនណាចង់អញ្ជើញខ្លួនទៅថតគឺមួយល្ងាចស៊ីថ្លៃ ៥០០ ដុល្លារ ហើយបើមួយថ្ងៃពេញវិញគឺតម្លៃ ១០០០ ដុល្លារ។ ចំណែកការងារផ្សព្វផ្សាយជាលក្ខណៈកុងត្រាវិញ គឺក្នុងមួយខែសុីថ្លៃក្នុងតម្លៃចន្លោះពី ១៥០០ ទៅ ២០០០ដុល្លារ ទៅតាមការចរចា។
ដោយឡែក ទាក់ទងរឿងស្នេហាវិញ តារាស្រីល្បីគេជេរ គេសើចចំអកស្ទើរគ្រប់ពេលរូបនេះ គឺគេមិនដែលឃើញបង្ហាញមុខគូស្នេហ៍បុរសណាម្នាក់ឡើយ ដោយគ្រប់គ្នាគិតថា នាងរស់នៅមានក្តីសុខបែបលក្ខណៈជីវិតឯករាជ្យប៉ុណ្ណោះ។ តែទោះជាយ៉ាងណា នៅពេលនេះ រ៉ូស បានដាច់ចិត្តបញ្ចេញមុខមាត់បុរសជាគូស្នេហ៍ មានមុខមាត់ទំនងជនជាតិចិន ដែលនាងបានសម្ងំរួមរស់ជាមួយច្រើនឆ្នាំមកហើយ ប៉ុន្តែ ការបង្ហាញនេះ អាចជាលើកចុងក្រោយសម្រាប់ជីវិតស្នេហ៍របស់នាង ព្រោះថា បុរសនោះត្រូវវិលត្រឡប់ទៅប្រទេសរបស់គាត់វិញ។
ភ្ជាប់រូបថតមួយសន្លឹកយ៉ាងផ្អែមល្ហែមប្រៀបដូចប្តីប្រពន្ធ រ៉ូស បានសរសេររៀបរាប់ទាំងអារម្មណ៍រំភើប និងសោកសៅថា៖ «អរគុណសំរាប់៤ឆ្នាំនេះ ដែលតែងតែនៅពីក្រោយខ្នងខ្ញុំរហូត តែងតែលើកទឹកចិត្តខ្ញុំ មើលថែខ្ញុំ បើខ្ញុំគ្មានអ្នកមិនដឹងថា ខ្ញុំទៅជាបែបណាទេ គោរពផ្តល់តម្លៃឱ្យខ្ញុំ មិនខ្វល់ថាគេរិះគន់ខ្ញុំបែបណា បងតែងតែលើកទឹកចិត្តអូនរហូត ហើយតែងតែលើកទឹកចិត្តនេះ គ្រាន់តែជាការថតសម្តែងទេ បើនៅបរទេសវាជារឿងធម្មតា ហើយក៏មិនដែលប្រកាន់ខឹងខ្ញុំ មានតែពាក្យថា អូនស៊ូស៊ូ អំពើល្អរបស់បង អូននឹងចងចាំវាទុក្ខ ហើយក៏ជាមនុស្សប្រុសតែម្នាក់ដែលល្អដាក់អូន មិនខ្វល់ថាអូនជួបរឿងបែបណាក៏ដោយ ពេលវេលាក៏កៀកមកដល់ បងក៏ត្រូវទៅប្រទេសរបស់បង តែមុននឹងបងទៅ អូនសុំឱបបងជាឡើកចុងក្រោយ my life លើលោកនេះគ្មានអ្វីស្ថិតស្ថេរក្រៅពីចិត្តស្មោះ និងអំពើល្អទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









