រដូវក្តៅ គឺជាពេលវេលាដែលមូស និងសត្វល្អិតជាច្រើន បន្តពូជ និងលូតលាស់។ ហេតុនេះ យើងទាំងអស់គ្នា ត្រូវមានសកម្មភាពការពារ និងកុំគិតថាមិនអី នៅពេលលេចចេញសញ្ញាមិនប្រក្រតី បន្ទាប់ពីត្រូវមូសខាំ ព្រោះពួកវាផ្ទុកមេរោគច្រើន ដែលអាចបណ្តាលឱ្យស្លាប់បាន។ ជាក់ស្តែង ស្រ្តីអ្នកបើកយន្តហោះជនជាតិអង់គ្លេសម្នាក់ បានស្លាប់ស្ទើរមិនគួរឲ្យជឿ បន្ទាប់ពីនាងត្រូវមូសខាំ ៥ ថ្ងៃក្រោយមក។
Oriana Pepper កើត និងធំដឹងក្តី នៅទីក្រុង Bury St Edmunds ក្នុងសង្កាត់ Suffolk នៃចក្រភពអង់គ្លេស។ ក្តីស្រមៃរបស់នាងគឺចង់ក្លាយជាអ្នកបើកយន្តហោះដូចឪពុកនិងប្អូនប្រុសរបស់នាង។
ដូច្នេះហើយ នៅអាយុត្រឹមតែ ២១ ឆ្នាំ នាងបានឆ្លងកាត់ការសាកល្បងទ្រឹស្តីដោយជោគជ័យ ហើយបានក្លាយជាអ្នកបើកយន្តហោះរបស់ EasyJet – ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ ដែលមានចំនួនអ្នកដំណើរច្រើនបំផុត នៅក្នុងចក្រភពអង់គ្លេស។
ដើម្បីទទួលបានការងារនៅទីស្នាក់ការកណ្តាលទីក្រុងឡុងដ៍ នៅអាកាសយានដ្ឋាន Luton នាង Oriana ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល និងការវាយតម្លៃបន្ថែមទៀត។ ដូច្នេះនៅខែឧសភា ឆ្នាំ ២០២១ នាង និងមិត្តប្រុសរបស់នាង បានទៅ Antwerp (បែលហ្ស៊ិក) តាមសំណើរបស់ EasyJet ។
អ្វីៗដំណើរការល្អនៅថ្ងៃបន្ទាប់ លើកលែងតែអ្នកទាំងពីរមិនទាន់សម្របខ្លួនទៅនឹងអាកាសធាតុ និងសត្វល្អិតមួយចំនួននៅទីនេះ។ នៅថ្ងៃទី៧ ខែកក្កដា ខណៈនៅកន្លែងធ្វើការ Oriana ក៏ត្រូវបានមូសខាំត្រង់ថ្ងាសនៅជិតភ្នែកខាងស្តាំ។ នាងត្រូវមូសខាំនៅទីនោះជាច្រើនដង ហើយបន្ទាប់មកបានជាសះស្បើយដោយខ្លួនឯង ដូច្នេះហើយទើបនាងមិនខ្វល់ច្រើន។
តែទោះជាយ៉ាងណា បីថ្ងៃក្រោយមក មូសខាំបានហើមខ្លាំង ហើយឆ្លងមេរោគ ដូច្នេះ Oriana ត្រូវបង្ខំចិត្តទៅជួបគ្រូពេទ្យ។ បន្ទាប់ពីលេបថ្នាំអង់ទីប៊ីយោទិចរយៈពេល ២ ថ្ងៃ រោគសញ្ញារបស់នាងមិនត្រឹមតែមិនប្រសើរឡើងទេ ប៉ុន្តែកាន់តែអាក្រក់ទៅៗ។ បន្ថែមពីលើការឆ្លងធ្ងន់ធ្ងរ និងរីករាលដាល Oriana បានចាប់ផ្តើមបង្ហាញសញ្ញានៃភាពច្របូកច្របល់ និងពិបាកនិយាយ។
ចំណុចដ៏ធ្ងន់ធ្ងរនោះ គឺនាងបានដួលសន្លប់ភ្លាមៗពេលកំពុងឈរនៅក្នុងផ្ទះ ហើយត្រូវបានមិត្តប្រុសដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ប៉ុន្តែ ជាអកុសល នាងត្រូវបានគេប្រកាសថាបានស្លាប់ក្នុងថ្ងៃចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យថ្ងៃទី១២ ខែកក្កដា បន្ទាប់ពីត្រូវមូសខាំរយៈពេល៥ថ្ងៃ។
មិត្តប្រុសរបស់ Oriana លោក James Hall ក៏បាននិយាយថា ពួកគេទាំងពីរនាក់ត្រូវបានមូសខាំជាច្រើនដង បន្ទាប់ពីបានមកដល់ទីក្រុង Antwerp កាលពីថ្ងៃទី២០ ខែឧសភា ប៉ុន្តែគ្មានអ្វីខុសពីធម្មតានោះទេ។ អ្នកស្រុកក៏អះអាងថា «នៅពេលនេះមានមូសខាំច្រើនណាស់»។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងប្រវតិ្តសាស្រ្តនៃឱសថ មានករណីឆ្លងជាច្រើន និងសូម្បីតែស្លាប់បន្ទាប់ពីត្រូវបានមូសខាំ។ នៅក្នុងបទសម្ភាសន៍ជាមួយ TOPick គ្រូពេទ្យជំនាញខាងសើស្បែកដ៏ល្បីល្បាញ Hu Huifu បានចង្អុលបង្ហាញថា ប្រតិកម្មទូទៅចំពោះមូសខាំជាធម្មតារមាស់ ហើម និងក្រហម។ ប៉ុន្តែ ជាធម្មតា ពួកវាបាត់ទៅវិញយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មាននាទីទៅប៉ុន្មានម៉ោងបន្ទាប់ពីមូសខាំ។
ប៉ុន្តែ រឿងដែលសំខាន់នោះ គឺត្រូវយល់ថា រាងកាយ និងប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ៗ មានភាពខុសប្លែកគ្នា ដូច្នេះមនុស្សមួយចំនួនអាចមានប្រតិកម្មធ្ងន់ធ្ងរ។ លោកក្រើនរំលឹកយើងឲ្យប្រញាប់ទៅរកការព្យាបាលជាបន្ទាន់ ប្រសិនបើយើងមានរោគសញ្ញាដូចជា៖ ពងបែក រលាកស្បែក បាក់តេរី… និងប្រតិកម្មធ្ងន់ធ្ងរដូចជា វិលមុខ ហើមត្របកភ្នែក ពិបាកដកដង្ហើម សម្ពាធឈាមទាប…។
លើសពីនេះ មូសខាំក៏ចម្លងជំងឺដ៏គ្រោះថ្នាក់ជាច្រើនដូចជា គ្រុនឈាម គ្រុនចាញ់ គ្រុនលឿង វីរុស Zika រលាកខួរក្បាល… ហេតុនេះ គ្រប់គ្នាត្រូវតែមានវិធីការពារមូសយ៉ាងសកម្ម ជាពិសេសក្នុងរដូវក្តៅ គឺមានសារៈសំខាន់ខ្លាំងណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




