រដ្ឋធានីកូឡុំបូ៖ ជាមួយនឹងវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេស បានអូសបន្លាយ អស់រយៈពេលជាយូរខែកន្លងមកនេះ នៅទីបំផុត ប្រជាជនស្រីលង្កា បាននាំងើបឡើងតវ៉ាពាសពេញរដ្ឋធានី រហូតឈានដល់ការឡោមព័ទ្ធវិមានរបស់ប្រធានាធិបតី ទើបគាត់ភ័យនាំក្រុមគ្រួសារ រត់ចោលប្រទេស ទាំងមិនបានដាក់លិខិតលាលែងពីតំណែង បណ្ដាលឲ្យប្រទេសជាតិ ធ្លាក់ក្នុងស្ថានការណ៍ច្របូកច្របល់។
សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១៣ ខែកក្កដា ថា លោក ប៉ាតាលី ចាមពីកា រ៉ាណាវ៉ាកា (Patali Champika Ranawaka) តំណាងរាស្រ្ដ មកពីបក្សប្រឆាំង បានរិះគន់យ៉ាងខ្លាំង ដល់លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកស្កា (Gotabaya Rajapaksa) ប្រធានាធិបតីស្រីលង្កា ចំពោះការរត់ភៀសខ្លួន ចេញពីប្រទេស ដោយមិនចុះហត្ថលេខា លើលិខិតលាលែង ពីតំណែងរបស់ខ្លួន។

សមាជិកសភា មកពីបក្សប្រឆាំង រូបនេះ បានសង្កត់ធ្ងន់ថា ជាការគួរឲ្យកត់សម្គាល់នោះ ត្រង់ថា អ្វីៗគួរតែធ្វើទៅតាមរដ្ឋធម្មនុញ្ញ ប្រសិនបើ លោក Rajapaksa បានចុះហត្ថលេខាលើលិខិតលាលែង ពីតំណែងរបស់គាត់ហើយនោះ គឺនាយករដ្ឋមន្ត្រី លោក រ៉ានីល វិកក្រែមេសិង្ហ (Ranil Wickremesinghe) នឹងក្លាយជាប្រធានាធិបតីបណ្តោះអាសន្ន ខណៈប្រទេសកំពុងតែប្រឈមមុខនឹងវិបត្តិបែបនេះ។ ចំណែកប្រធានសភា និង ប្រជាជាតិទាំងមូល សង្ឃឹមថា លោក Rajapaksa នឹងប្រគល់លិខិតលាលែងពីតំណែងកំពូលនេះ។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្ដីស្រីលង្កា បានបញ្ជាក់ថា លោក រ៉ានីល វិកក្រែមេសិង្ហ (Ranil Wickremesinghe) នាយករដ្ឋមន្រ្ដី បានប្រកាសដាក់ស្ថានភាព នៅក្នុងគ្រាអាសន្ន នៅទូទាំងប្រទេសស្រីលង្កា៕ រក្សាសិទ្ធិដោយ ៖ សារាយSN










