ភ្នំពេញ៖ វិស័យទេសចរណ៍កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា ជា«មាសបៃតង» ដែលចូលរួមប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប បង្កើតការងារដោយផ្ទាល់ ៦៣ម៉ឺននាក់ និងចំណូលជាតិជិត ៥ពាន់លានដុល្លារ នៅឆ្នាំ ២០១៩កន្លងទៅ។

តាមរបាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២នេះ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៥០ម៉ឺននាក់ កើនឡើងប្រមាណ ៣៩៤,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះផ្លូវអាកាសចំនួន ២៤ម៉ឺននាក់ កើនឡើង ៤២០,៣%, ផ្លូវគោកចំនួន ២៦ម៉ឺននាក់ កើនឡើង ៣៦៤,៤% និងផ្លូវទឹក ចំនួន ៥ពាន់នាក់ កើនឡើង ២៣០,៤%។

របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា ទេសចរជាតិ ដែលបានធ្វើដំណើរកម្សាន្តតាមបណ្តារមណីយដ្ឋាននានាទូទាំងប្រទេសមានចំនួន ៦,៣លាននាក់ កើនឡើង ២១៩,៣% និងទេសចរបរទេសផ្ទៃក្នុងចំនួន ៦៨ម៉ឺននាក់ កើនឡើង ៣៨០,៣%។

កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ ១លាននាក់នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ ២លាននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២។
ម្យ៉ាងទៀត ការកើនឡើងននៃចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាឡើងវិញ ជាបណ្តើរៗនាពេលនេះ ដោយសារស្ថានភាពនៃជំងឺកូវីដ១៩នៅកម្ពុជា មានភាពធូរស្រាល និងអាចគ្រប់គ្រងបាន ក្រោមវិធានការស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសដែលបង្កើតបានជាភាពស៊ាំក្នុងសហគមន៍បានល្អរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យកម្ពុជា អាចបើកដំណើរការសេដ្ឋកិច្ច និងបើកច្រកព្រំដែនឡើងវិញបានទាន់ពេលវេលា ដែលជំរុញដល់ការងើនឡើងវិញនៃវិស័យទេសចរណ៍។
យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានជាង ៥០ម៉ឺននាក់ សម្រេចបាន ៥០ភាគរយ នៃការព្យាករណ៍ ១លាននាក់សម្រាប់ឆ្នាំ ២០២២។ កម្ពុជា រំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ ២០២៦៕