កណ្តាល៖ មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងចាប់ឃាត់ខ្លួនជាថ្មី នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២ ក្រោយពីបានខ្ចីម៉ូតូរបស់យុវជនម្នាក់ ថាយកមាន់ទៅលក់ ប៉ុន្តែស្រាប់តែទៅបាត់មិនឃើញយកម៉ូតូឲ្យម្ចាស់គេវិញ ។
ករណីរំលោភលើទំនុកចិត្តនេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២ កន្លងទៅ នៅចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីខាងលើមានឈ្មោះ ឡាយ រ៉ាវុធ ភេទប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យមានឈ្មោះ យី បារាំង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមាននទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ចំនួនពីរលើក ដោយលើកទី ១ ពាក់ព័ន្ធនឹងអំពើលួច ផ្លែស្វាយ ជាប់រយៈពេល ០៦ ខែ និងលើកទី ២ ករណីលួច ម៉ូតូ ជាប់រយៈពេល ១ឆ្នាំ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូរបាន ម៉ូតូចំនួន ១គ្រឿង ម៉ាក ហ្សុយស៊ូគី លេត ស៊េរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HO-4012 ។

មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោងជាង ៣រសៀល ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន (ម៉ូតូដែលដកហូតពីជនសង្ស័យ) ចេញពីផ្ទះរបស់ខ្លួននៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។ ពេលជិះមកដល់ចំណុចភូមិចុងកោះតូច ឃុំតាលន់ ស្រាប់តែជួបជនសង្ស័យបានបក់ដៃហៅជនរងគ្រោះឲ្យឈប់ម៉ូតូ រួចឱ្យជូនខ្លួនទៅផ្ទះនៅភូមិតាលន់ ឃុំតាលន់ ពេលជនរងគ្រោះជិះម៉ូតូជូនជនសង្ស័យទៅដល់ផ្ទះហើយ ជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះថាយកមាន់ទៅលក់មួយភ្លែត ពេលនោះជនរងគ្រោះក៏បានឲ្យម៉ូតូទៅជនសង្ស័យខ្ចីជិះ ប៉ុន្តែស្រាប់តែបាត់រហូត មិនឃើញយកម៉ូតូមកឱ្យជនរងគ្រោះវិញនោះទេ ។ លុះនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោងជាង ២រសៀល កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ខ្ពប និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងម៉ូតូមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សួង សាម


