ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានជំរុញឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវរួមគ្នាធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខជូនប្រជាពលរដ្ឋ ព្រោះថា កិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋវាជាកិច្ចការងាររបស់អាជ្ញាធរ និងកងកម្លាំងចំណុះឲ្យគណៈបញ្ជាការឯកភាពនេះឯង ត្រូវអនុវត្តឲ្យបានល្អ។
ការជំរុញបែបនេះរបស់ឯកឧត្តមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៤ កក្កដា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវដាក់ផែនការឲ្យបានច្បាស់លាស់ក្នុងជួរ គណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេស ការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទះនៅក្នុងមូលដ្ឋាន និងការដាក់កម្លាំងល្បាតនៅក្នុងតំបន់ដែលយើងគិតថាស្មុគស្មាញ និងងាយរងគ្រោះ។

ឯកឧត្តមឃួង ស្រេង បញ្ជាក់ផងដែរថា៖ ក្នុងនាម អាជ្ញាធរនិងកងកម្លាំងត្រូវគិតថា សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដោយហេតុថា ទាំងអ្នកមាន អ្នកក្រ ពួកគាត់សុទ្ធតែត្រូវការសន្តិសុខដូចគ្នា។
បន្ថែមពីលើនេះទៀត ឯកឧត្តមឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវការពារ អោយបាននូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមឃួង ស្រេងក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះកងកម្លាំងទាំង២ភេទ ដែលបានបង្ក្រាបក្មេងទំនើងបានជាច្រើនករណីនាប៉ុន្មានថ្ងៃកន្លងមកនេះ។ ក្មេងទំនើងទាំងនេះភាគច្រើនជាសិស្សសាលា ដូច្នេះលោកស្នើឲ្យអភិបាលខណ្ឌ និងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ត្រូវសហការគ្នា មើលសិស្សដែលគេចសាលារៀនឲ្យបានម៉ឺងម៉ាត់និងរកវិធីដើម្បីបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះអោយបាន។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមឃួង ស្រេង ក៏បានស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវជំរុញប្រជាពលរដ្ឋឲ្យទៅទទួលវ៉ាក់សាំង ដុសជំរុញឲ្យបានគ្រប់គ្នា ព្រោះថា ជម្ងឺកូវីដ-១៩ បានកំរើកឡើងវិញហើយ ដែលយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តមឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរនិងកងកម្លាំងទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពនៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលកន្លងមកនេះ ដែលបានធ្វើឲ្យដំណើរការនៃការបោះឆ្នោតនេះ ដំណើរការទៅដោយរលូនជោគជ័យនិងគ្មានអំពើហឹ.ង្សា៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








