ពោធិ៍សាត់៖ មានករណីគ្រោះថ្នាក់ធម្មជាតិរយៈពេល ៣ថ្ងៃមកហើយ បណ្តាលឱ្យទឹកហូរកាត់ផ្លូវ និងបានកួចយកមនុស្ស និងម៉ូតូ ធ្លាក់ចូលទៅក្នុងស្ទឹង បណ្តាលឱ្យស្លា.ប់មនុស្សចំនួន ៣នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រ លេខ១៥៥ និង ១៥៦ ត្រង់ចំណុចស្ទឹងកាច់ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាវែង ខេត្តពោធិ៍សាត់ នៅវេលាម៉ោងប្រមាណជា ៦ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
ក្រោយកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ច បានសហការគ្នារុករកឃើញជនរងគ្រោះ ជាប្តី និងកូន ដែលជួបគ្រោះថ្នាក់នោះហើយ នៅសល់តែសពប្រពន្ធ(ម្តាយ) មិនដឹងទឹកហូរកួចទៅដល់ណានោះទេ។ ទោះជាយ៉ាងនេះក៏ដោយ មកទល់នឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នគរបាល និងយោធា កំពុងតែសហការគ្នាបន្តរុករកសពស្ត្រីរងគ្រោះនោះនៅឡើយ ខណៈភ្លៀងធ្លាក់នៅតែបន្តធ្លាក់។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកវាលវែង។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឱ្យដឹងទៀតថា សាកសពជនរងគ្រោះ ទាំងបីនាក់ ខាងលើ មានឈ្មោះ ជា សុខគឿន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់ រលាប ក្រុងពោធិ៍សាត់, ២. ប្រពន្ធរបស់ជនរងគ្រោះ ជា សុខគឿន ដែលគេមិនទាន់ស្គាល់ ឈ្មោះ (រកសពមិនទាន់ឃើញ) និង ៣. មិនទាន់ស្គាល់ឈ្មោះកូន។ ពួកគេទាំងបីជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1I-7548 ។
បច្ចុប្បន្ន កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ព្រមទាំងសាច់ញាតិនៃសព បានយកសពឪពុក និងកូន ប្រគល់ឱ្យសាច់ញាតិ៕រក្សាសិទ្ធិដោយ ៖ សួងសាម









