Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាប្រកាសថា ការនាំចេញរបស់ខ្លួន នៅឆមាសទី១ឆ្នាំនេះ មានកំណើនជិត ៣៤%

ភ្នំពេញ៖ ទោះបីពិភពលោកកំពុងប្រឈមនឹងវិបត្តិកំណើនអតិផរណាខ្ពស់ ដែលបណ្តាលមកពីការហក់ឡើងនៃតម្លៃថាមពល និងម្ហូបអាហារក៏ដោយ ប៉ុន្តែនាំចេញរបស់កម្ពុជា នៅតែបង្ហាញពីកំណើនខ្ពស់គួរឲ្យកត់សម្គាល់​។

យោងតាមទិន្ន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញទំនិញចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ កើនឡើង ៣៣,៩ភាគរយ ពីតម្លៃទឹកប្រាក់ ៨,៤៩ពាន់លានដុល្លារ ដល់ ១១,៣៧ពាន់លានដុល្លារ។ ការនាំចូលរបស់កម្ពុជាវិញ មានតម្លៃទឹកប្រាក់សរុបប្រមាណ ១៥,៨៦ពាន់លានដុល្លារ កើនឡើង ១១,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុន។

កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅកាន់ទីផ្សារក្រៅប្រទេស ដូចជា សម្លៀកបំពាក់កាត់ដេរ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ, ផលិតផលកសិកម្ម អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី និងកៅស៊ូ, គ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនី, កង់ និងគ្រឿងសង្ហារឹម ជាដើម។

ដោយឡែកមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូល មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, គ្រឿងអេឡិចត្រូនិក, យានយន្ត និងគ្រឿងចក្រ, សម្ភារៈសំណង់, ប្រេងឥន្ធនៈ, ផលិតផលឱសថ និងគ្រឿងបរិក្ខាពេទ្យ, គ្រឿងអលង្ការមានតម្លៃ, គ្រឿងសម្អាង និងគ្រឿងឧប ភោគបរិភោគ ជាដើម។

អ្នកជំនាញ បានអះអាងថា ការកើនឡើងនៃការនាំចេញ-នាំចូលរបស់កម្ពុជានាពេលនេះ បានឆ្លុះបញ្ចាំងពីការស្ទុះឡើងនៃសកម្មភាពអាជីវកម្មនានាក្នុងប្រទេស ដែលជាសញ្ញាដ៏ល្អប្រសើរសម្រាប់បង្កើនល្បឿនសេដ្ឋកិច្ចរបស់កម្ពុជា ដែលរាជរដ្ឋាភិបាល បានខិតខំ ជាពិសេសការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ដៃគូពាណិជ្ជកម្មនាំចេញសំខាន់ៗរបស់កម្ពុជា សហរដ្ឋអាមេរិក នៅតែឈរលំដាប់ទី ១ ដែលបានទិញទំនិញពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ ៤,៦៤ពាន់លានដុល្លារ មានកំណើន ៥៤% ឬស្មើនឹង ៤០,៨% នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា៕

×