ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងអំឡុងខែមករា ដល់ខែមិថុនា តម្លៃកៅស៊ូស្ងួត ជាមធ្យមគឺ ១,៥៩៧ដុល្លារ ក្នុងមួយតោន។ ដោយក្នុងនោះ កម្ពុជា បាននាំចេញកៅស៊ូ ចំនួន ១៣៥,១៣៧ តោន ក្នុងឆមាសទី១ ឆ្នាំ២០២២ ទៅទីផ្សារក្រៅប្រទេស បើធៀបចំនួននេះនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ រកចំណូលបាន ២១៥ លានដុល្លារ ដោយបានកើនឡើង ២,៩ ភាគរយ។

កម្ពុជានាំចេញទំនិញភាគច្រើនទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងចិនជាដើម។ រហូតមកទល់ពេលនេះ ប្រទេសកម្ពុជា បានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៤,០៤៤ ហិកតា ក្នុងនោះ ៣១០,១៩៣ ហិកតា ស្មើនឹង ៧៧ ភាគរយ មានអាយុគ្រប់គ្រាន់សម្រាប់ជាយកកៅស៊ូឡើងលើទីផ្សារ៕
