Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម ចាប់ខ្លួនមន្រ្ដីជាន់ខ្ពស់ជាច្រើននាក់ គប់គិតគ្នារត់ពន្ធប្រេង១៣០លានដុល្លារ

រដ្ឋធានីហាណូយ៖ អាជ្ញាធរវៀតណាម បានចាប់ខ្លួនមន្រ្ដីជាន់ខ្ពស់ការពារព្រំដែន និង ឆ្មាំសមុទ្រជាច្រើននាក់ ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធប្រេង មានតម្លៃ១៣០លានដុល្លារសហរដ្ឋអាមេរិក នាំចូលមកក្នុងប្រទេសរបស់ខ្លួន។

សារព័ត៌មាន Posts English បានផ្សាយថា តុលាការយោធាយោធភូមិភាគទី៧ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានកាត់ទោសជនជាប់ចោទ ចំនួន១៤ នាក់ ពាក់ព័ន្ធនឹងសំណុំរឿង «រត់ពន្ធ, ទទួលសំណូក, រៀបចំអ្នកផ្សេងរត់គេចខ្លួនទៅក្រៅប្រទេស និង ការខកខានមិនបានបង្ក្រាបលើអំពើឧក្រិដ្ឋកម្ម»។

ជនជាប់ចោទ ចំនួន១៤នាក់ រួមទាំង មន្ត្រីជាន់ខ្ពស់ ជាច្រើននាក់ មកពីឆ្មាំការពារព្រំដែន និង ឆ្នេរសមុទ្រ ត្រូវបានចោទប្រកាន់ ពីបទរត់ពន្ធប្រេងសាំង ចំនួន២០០លានលីត្រ ដែលមានតម្លៃប្រហែល ២,៨ពាន់ពាន់លានដុង (លុយវៀតណាម) ឬស្មើនឹងប្រហែល ១៣០លានដុល្លារសហរដ្ឋអាមេរិក មកកាន់ប្រទេសវៀតណាម។ ជនជាប់ចោទ មានទាំងមេបញ្ជាការប្រចាំតំបន់ជាច្រើននាក់ ក៏ត្រូវបានចោទប្រកាន់ ពីបទរត់ពន្ធ ទទួលសំណូកសូកប៉ាន់ និង ជួយមនុស្សដោយខុសច្បាប់ ឲ្យរត់ភៀសខ្លួនទៅក្រៅប្រទេស។

ជនជាប់ចោទ មកពីបញ្ជាការដ្ឋានឆ្មាំសមុទ្រ រួមមាន ទី១-លោក ហ្វុង ដាញ់ថូអៃ (Phung Danh Thoai) អតីតប្រធាននាយកដ្ឋានភស្ដុភារ នៃការិយាល័យប្រេង, ទី២-លោក ឡេ វ៉ាន់មិញ (Le Van Minh) អតីតមេបញ្ជាការតំបន់៤, ទី៣-លោក ឡេ ស៊ួន ថាញ់ (Le Xuan Thanh) អតីតមេបញ្ជាការតំបន់៣ និង ទី៤-លោក លូ ថេ ឌុក (Luu The Duc) អតីតអនុប្រធានស៊ើបការណ៍សម្ងាត់លេខ២។

ដោយឡែក ជនជាប់ចោទចំនួន៥នាក់ផ្សេងទៀត មកពីឆ្មាំព្រំដែនប្រចាំតំបន់ រួមមាន ទី១-លោក ង្វៀន ថេ អាញ់ (Nguyen The Anh) អតីតមេបញ្ជាការឆ្មាំការពារព្រំដែនខេត្តគៀងយ៉ាង (Kien Giang), ទី២-លោក ង្វៀន វ៉ាន់ហុង (Nguyen Van Hung) អតីតប្រធានច្រកព្រំដែនកំពង់ផែទ្រួងឡុងហ័រ (Truong Long Hoa), ទី៣-លោក ហ្វាម វ៉ាន់ ត្រែន (Pham Van Tren) អតីតមេបញ្ជាការឆ្មាំការពារព្រំដែនខេត្តត្រាវិញ (Tra Vinh), ទី៤-លោក ង្វៀន ថាញ់ ឡាម (Nguyen Thanh Lam) អតីតប្រធានកងវរសេនាតូចលេខ២ នៃឆ្មាំការពារព្រំដែនខេត្តសូកត្រាង (Soc Trang) និង ទី៥-លោក សុn ហង ងូ (Son Hoang Ngu) បុគ្គលិកច្រកព្រំដែនកំពង់ផែទ្រួងឡុងហ័រ (Truong Long Hoa)។

ក្រៅពីនេះ នៅមានជនជាប់ចោទផ្សេងទៀត មានដូចជា លោក ឡេ វ៉ាន់ ហ្វួង (Le Van Phuong) អតីតអនុប្រធាននាយកដ្ឋានប៉ូលិសចរាចរណ៍ខេត្តត្រាវិញ (Tra Vinh) ហើយជនជាប់ចោទ៤នាក់ដទៃទៀត រស់នៅទីក្រុងហូជីមិញ ខេត្ដវុងតៅ (Vung Tau) និងខេត្តប៊ិញ ឌិញ (Binh Dinh) ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×