ឧទ្ធម្ភាគចក្ររបស់មេបញ្ជាការតំបន់ទី៤ បានធ្លាក់នៅកណ្តាលអាកាស និង ត្រូវចុះចតនៅកណ្តាលចំការកៅស៊ូបណ្តាលឲ្យមនុស្ស៧នាក់រងរបួស ដោយពុំមានអ្នកណាម្នាក់ស្លាប់នោះទេ ក្នុងនោះមេបញ្ជាការយោធភូមិភាគទី៤ រងរបួសត្រគាក ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បើតាមសារព័ត៌មាន Daily News Online នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះ បានរាយការណ៍ថា ឧត្តមសេនីយ៍ទោ ក្រៀង ក្រៃស្រ៊ីរ៉ាក់ មេបញ្ជាការតំបន់កងទ័ពជើងគោកទី៤ និងជានាយកប្រតិបត្តិការសន្តិសុខផ្ទៃក្នុងភូមិភាគទី៤ បានធ្វើដំណើរទៅបំពេញភារកិច្ចតាមឧទ្ធម្ភាគចក្រ។ ប៉ុន្តែបន្ទាប់មក ដោយម៉ាស៊ីនមានបញ្ហា ក៏បានធ្លាក់ទៅលើចំការកៅស៊ូ នៅក្នុងឃុំវ៉ាងយ៉ៃ ស្រុកភទ្រា ខេត្តសុងក្លា។ តែទោះជាយ៉ាងណា ពិតជាសំណាងល្អ គ្មាននរណាម្នាក់ស្លាប់ទេ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ។
ពេលចុះពិនិត្យដល់កន្លែងកើតហេតុគេបានរកឃើញថា ចំណុចចុះចតរបស់ឧទ្ធម្ភាគចក្រ ស្ថិតនៅចំកណ្តាលចំការកៅស៊ូ ហើយនៅជុំវិញនោះ មានដើមឈើខ្លះត្រូវបាក់រលំ ខណៈឧទ្ធម្ភាគចក្របានដេកផ្អៀងមួយចំហៀងខ្លួន។
ទោះបីជាយ៉ាងណា គ្រោះថ្នាក់នេះ បានបណ្តាលឲ្យមេបញ្ជាការកងទ័ពជើងគោកទី៤ រងរបួសត្រគាក និងត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រួមជាមួយមនុស្ស៦នាក់ផ្សេងទៀត ដែលរងរបួសស្រាល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





