Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំភ្លើងផ្លោងលោកខាងលិច ធ្លាក់ដល់ដៃអ៊ុយក្រែនភ្លាម វាយកម្ទេចឃ្លាំងស្ដុកគ្រាប់រុស្ស៊ី ជាង៣០កន្លែង

រដ្ឋធានីគៀវ៖ ការបញ្ជូនប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះទំនើបរបស់លោកខាងលិច កំពុងតែជួយដល់កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន អាចមានលទ្ធភាពយ៉ាងខ្លាំង វាយបកយ៉ាងសន្ធាប់ ទៅលើទាហានរបស់រុស្ស៊ី កម្ទេចឃ្លាំងស្ដុកគ្រាប់ ជាង៣០កន្លែង។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១៥ ខែកក្កដា ថា អ្នកនាំពាក្យ ក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែង កាលពីថ្ងៃសុក្រថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែន បានបំផ្លាញមជ្ឈមណ្ឌលស្ដុកភស្ដុភារយោធារុស្ស៊ី ជាង៣០កន្លែង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សកម្មភាពយោធារបស់អ៊ុយក្រែន បានជួយកាត់បន្ថយដល់ការវាយប្រហាររបស់រុស្ស៊ី នាពេលខាងមុខ។

លោក អូឡែកសាន់ដឺរ ម៉ូទូហ្ស៊ានីក (Oleksandr Motuzianyk) អ្នកនាំពាក្យ ក្រសួងការពារជាតិអ៊ុយក្រែន កាលពីថ្ងៃសុក្រ បានអះអាងថា ប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះហ៊ីម៉ា (HIMARS) ផលិតដោយសហរដ្ឋអាមេរិក ដែលជាកាំភ្លើងផ្លោង បាញ់ចម្ងាយឆ្ងាយ ផ្គត់ផ្គង់ដោយលោកខាងលិច បានបញ្ជូនមកកាន់ប្រទេសអ៊ុយក្រែន ហើយកំពុងតែដើរយ៉ាងសំខាន់ សម្រាប់កងទ័ពក្រុងគៀវ វាយបក ទប់ទល់ ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី។

អ្នកនាំពាក្យ ក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ដល់បណ្ដាញទូរទស្សន៍ជាតិ ថា «នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ កម្លាំងការពារទឹកដឹរបស់អ៊ុយក្រែន បានវាយប្រហារ ដោយប្រព័ន្ធរ៉ុក្កែតរបស់លោកខាងលិច កម្ទេចឃ្លាំងស្ដុកភស្ដុភាររបស់រុស្ស៊ី ជាង៣០កន្លែង។

ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ទាហានរុស្ស៊ីបានដណ្ដើមកាន់កាប់ទឹកដីមួយផ្នែក នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ រុស្ស៊ី បានប្រើប្រាស់កាំភ្លើងធំទំនើបៗរបស់ពួកគេ វាយប្រហារ នៅតំបន់ភាគខាងកើត ប្រទេសអឺរ៉ុបដែលកំពុងតែហែកហួរដោយសង្គ្រាមមួយនេះ ដើម្បីដណ្តើមកាន់កាប់ទឹកដីបន្តិចម្តងៗ ហើយនៅទីបំផុត ពួកគេដណ្តើមបានតំបន់លូហាន់ស្ក៍ (Luhansk) និង បន្ដវាយប្រហារ កាន់កាប់តំបន់ដូណែតស្ក៍ (Donetsk) ឹ។

ទោះជាយ៉ាងណា អ្នកនាំពាក្យ ក្រសួងការពារជាតិអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កាលពីសប្ដាហ៍មុននេះ រុស្ស៊ី មិនអាចដណ្ដើមកាន់កាប់ទឹកដីណាមួយម៉ែត្រនោះឡើយ។ ដោយឡែក ការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែន កំពុងតែរំខាន ដល់បណ្តាញផ្គត់ផ្គង់គ្រឿងសឹករបស់រុស្ស៊ី ដោយបង្ខំឱ្យទីក្រុងម៉ូស្គូ យកគ្រាប់រំសេវរបស់ខ្លួនផ្សេងៗទៀត ចេញពីសមរភូមិ។

ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះហ៊ីម៉ា អាចបាញ់បានចម្ងាយឆ្ងាយ ហើយវាបាញ់ចំគោលដៅខ្លាំងជាងកាំភ្លើងធំរបស់អ៊ុយក្រែន ដែលផលិតឡើង នៅក្នុងសម័យសហភាពសូវៀត។ គ្រឿងសឹកហ៊ីម៉ារបស់លោកខាងលិច នឹងជួយឱ្យកងទ័ពអ៊ុយក្រែន អាចវាយលុក ទៅលើគោលដៅសំខាន់ៗរបស់ទាហានរុស្ស៊ី យ៉ាងមានប្រសិទ្ធភាពថែមទៀតផង។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី១៥ ខែកក្កដា ក៏បានបញ្ជាក់ថា ក្រុងគៀវ (Kyiv) បានទទួលប្រព័ន្ធកាំភ្លើងបាញ់គ្រាប់រ៉ុក្កែតចម្រុះ M270 ជាលើកដំបូង។ ប៉ុន្ដែគាត់មិនបានបញ្ជាក់ថា កាំភ្លើងផ្លោងប្រភេទនេះ មានប្រទេសណាជាអ្នកផ្តល់មកឲ្យពួកគេនោះឡើយ។

ប្រទេសរុស្ស៊ី បានរិះគន់យ៉ាងខ្លាំង ដល់សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ចំពោះការជួយបណ្តុះបណ្តាលដល់កងទ័ពអ៊ុយក្រែន តាមអ្វីដែលក្រុងមូស្គូ ចាត់ទុកថា នេះជាផ្នែកមួយ នៃ «សង្គ្រាមកូនកាត់»របស់អង្គការណាតូ ប្រឆាំងនឹងក្រុងម៉ូស្គូ។ រុស្ស៊ី បានចោទប្រកាន់ថា ក្រុងវ៉ាស៊ីតោន ក៏កំពុងតែផ្ដល់ក្រុមគ្រូបង្វឹក មកកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយបណ្ដុះបណ្ដាលកងទ័ពរបស់ក្រុងគៀវ ឲ្យចេះប្រើប្រាស់កាំភ្លើងផ្លោងហ៊ីម៉ា (HIMARS) នេះថែមទៀតផង៕ រក្សាសិទ្ធិដោយ៖សារាយSN

×