Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិអង់គ្លេស ស៊ើបដឹងថា រុស្ស៉ីកំពុងពង្រឹងប្រព័ន្ធយោធាទូទាំងតំបន់ដែលខ្លួនគ្រប់គ្រងនៅអ៊ុយក្រែន

អង់គ្លេស ៖ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ក្រសួងការពារជាតិអង់គ្លេស បានបង្ហាញថា រុស្ស៉ីកំពុងពង្រឹងទីតាំងនៅទូទាំងតំបន់ដែលខ្លួនគ្រប់គ្រងនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន រួមមាន សកម្មភាពកងទ័ព, សព្វាវុធ និងទីតាំងការពារដែលស្ថិតនៅចន្លោះទីក្រុង ម៉ារីយូប៉ូល និងទីក្រុង ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ព្រមទាំងទីក្រុងខឺសុន (Kherson) ខណៈកងទ័ពរុស្ស៉ីក្នុងទីក្រុង ម៉េលីតូប៉ូល (Melitopol) ក៏កំពុងពង្រឹង វិធានការសន្តិសុខផងដែរ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា ការបង្ហាញព័ត៌មានខាងលើរបស់ក្រសួងការពារជាតិអង់គ្លេស កើតមានឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៉ី បានចេញបញ្ជាឱ្យកងទ័ពរបស់ខ្លួន បង្កើនការវាយលុកនៅតាមសមរភូមិសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសក្នុងតំបន់ដូណេត តែម្ដង។

ដំណាលគ្នានេះដែរ បើតាមមន្ត្រីយោធាអ៊ុយក្រែនម្នាក់ បាននិយាយថា រុស្ស៉ីកំពុងត្រៀមខ្លួនធ្វើប្រតិបត្តិការវាយលុកដំណាក់កាលថ្មីទៀតនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូ បញ្ជាឱ្យកងទ័ពរបស់ខ្លួនបង្កើនការវាយប្រហារលើអ៊ុយក្រែនពីគ្រប់ទិសទីទាំងអស់នៅក្នុងតំបន់សមរភូមិ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយទៀតថា រុស្ស៉ី ត្រូវបានគេរាយការណ៍ថា បានបាញ់គ្រាប់រ៉ុក្កែត និងមីស៊ីលទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ, ជុំវិញការបង្កើនការវាយប្រហារនេះដែរ អ្នកនាំពាក្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន លោក វ៉ាឌីម ស្គីប៊ីតស្គីយី (Vadym Skibitskyi) បានបញ្ជាក់ដូច្នេះថា «វាមិនមែនត្រឹមតែជាការវាយប្រហារដោយមីស៊ីលពីអាកាស និងពីនាវាចម្បាំងប៉ុណ្ណោះទេ តែអ្វីដែលយើងកំពុងឃើញនោះ គឺ ជាការវាយប្រហារចេញពីគ្រប់ទិសតែម្ដង ដែលនេះច្បាស់ណាស់ថា ប្រតិបត្តិការវាយលុករបស់រុស្ស៉ី កំពុងស្ថិតនៅក្នុងដំណាក់កាលថ្មី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×