ភ្នំពេញ៖ ផ្សារទំនិញរួចពន្ធនេះ បានបើកដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញហើយកាលពីចុងសប្តាហ៍នេះ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ អាចទិញទំនិញរួចពន្ធបាន។ ផ្សារទំនិញរួចពន្ធនេះ មានអាសយដ្ឋាននៅ NagaCity Walk ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា ចាប់ពីឆ្នាំ២០២០មក ជំងឺកូវីដ១៩ បានរាតត្បាតនៅពាសពេញពិភពលោក ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ឲ្យបានឆាប់រហ័ស កាត់បន្ថយសំពាធរបស់សហគ្រាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុម័តឲ្យក្រុមហ៊ុន CDF Cambodia សាកល្បងអនុវត្តគោលការណ៍ លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ។

គោលការណ៍នេះ បានផ្តល់ជូននូវជម្រើសថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងការទិញផលិតផលលំដាប់ថ្នាក់ជាន់ខ្ពស់នៅក្នុងប្រទេសរបស់ខ្លួន។ ក្រុមហ៊ុន CDF Cambodia នឹងផ្តល់ជូននូវតម្លៃរួចពន្ធដែលសមរម្យបំផុត និងផ្តល់ជូននូវបទពិសោធនៃការទិញទំនិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។

តាមការឲ្យដឹង បន្ទាប់ពីបើកដំណើរការគោលការណ៍នេះ ជនជាតិខ្មែរអាចទិញទំនិញរួចពន្ធនៅតាមផ្សារទំនិញរួចពន្ធទាំងបីសាខារបស់ CDF ដែលមានផលិតផលជាច្រើនដូចជា ទឹកអប់ គ្រឿងសម្អាង ផលិតផលប្រណិតៗ នាឡិកាដៃ កាបូប វ៉ាលី សម្លៀកបំពាក់និងសម្ភារៈតុបតែងខ្លួនជាដើម។

ជនជាតិខ្មែរអាចទិញផលិតផល ដែលមានតម្លៃក្នុងមួយឯកតាមិនទាបជាង៥០ដុល្លារអាមេរិក ហើយក្នុងមួយឆ្នាំអាចទិញទំនិញរួចពន្ធសរុបជាទឹកប្រាក់ចំនួន ១០០០០ដុល្លារអាមេរិកក្នុងម្នាក់៕
