Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការមកដល់របស់មហាសេដ្ឋីរុស្ស៊ី ធ្វើឲ្យថៃសង្ឃឹបកើបលុយ រាប់ពាន់លានដុល្លារ ពីវិស័យទេសចរណ៍

រាជធានីបាងកក៖ ការមកដល់ នៃកប៉ាល់ទេសចរណ៍ដ៏ទំនើបរបស់មហាសេដ្ឋីលំដាប់លេខ២របស់រុស្ស៊ី បានដឹកក្រុមអ្នកទេសចរ មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ចូលមកដើរកម្សាន្ដ នៅកោះសាមុយ ធ្វើឲ្យប្រទេសថៃ មានសង្ឃឹម នឹងកើបប្រាក់ចំណូល រាប់ពាល់លានដុល្លារឡើងវិញ ពីវិស័យទេសចរណ៍។

សារព័ត៌មានThe Thaiger បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ថា ការមកដល់របស់មហាសេដ្ឋីមួយចំនួន ទៅកាន់កោះទេសចរណ៍ កោះសាមុយ និង កោះនៅជុំវិញនោះ កំពុងតែជំរុញឱ្យមានក្តីសង្ឃឹមឡើងវិញថា ប្រទេសថៃនឹងចាប់ផ្តើមមើលឃើញ អំពីកំណើនអ្នកទេសចរ មានទ្រព្យសម្បត្តិ។ កប៉ាល់ទេសចរណ៍ដ៏ទំនើបបំផុតមួយ ប្រភេទ Cloudbreak របស់មហាសេដ្ឋីរុស្ស៊ី លោក អាឡែសាន់ឌ័រ អាឡែសាន់ដ្រូវិច ស្វែតកូវ (Alexander Alexandrovich Svetakov) កាលពីថ្ងៃសៅរ៍ បានចូលមកបោះយុថ្កា នៅជិតកោះសាមុយ (Koh Samui) ប្រទេសថៃ។

មជ្ឈមណ្ឌលបញ្ជាការអនុវត្តន៍ដែនសមុទ្រថៃ បានត្រួតពិនិត្យកប៉ាល់ដ៏ទំនើប មានតម្លៃ ៣,៩ ពាន់លានបាត (ប្រាក់ថៃ) ឬស្មើនឹងប្រហែលជាង ១០៧,៣៩លានដុល្លារសហរដ្ឋអាមេរិក ហើយបានធានាសន្ដិសុខដល់អ្នកទេសចរទាំង១៣នាក់ និង នាវិក៦នាក់ ដែលបានចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩គ្រប់ចំនួនដូស ស្របតាមលក្ខណៈវិនិច្ឆ័យរបស់ក្រសួងសាធារណសុខាភិបាលរបស់ថៃ។

លោក វីចាវុត ជិនតូ (Wichawut Jinto) អភិបាលខេត្តស៊ូរ៉ាតថានី (Surat Thani) បានបញ្ជាក់ថា ការមកដល់របស់មហាសេដ្ឋីកំពូលលំដាប់លេខ២របស់រុស្ស៊ី លោក Svetakov វ័យ៥៤ឆ្នាំ រូបនេះ បង្ហាញថា កោះជាច្រើនរបស់ថៃ រួមមាន កោះសាមុយ (Samui) កោះតៅ (Tao) និង កោះហ្វាង៉ាន(Pha-ngan) កំពុងតែមានសក្តានុពល នៅក្នុងការទាក់ទាញភ្ញៀវទេសចរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «មុនការផ្ទុះឡើងនូវជំងឺរាតត្បាត ចំនួននាវាទំនើបៗ មកពីអឺរ៉ុប និង សិង្ហបុរី បានចូលមកកាន់កោះសាមុយ ជារៀងរាល់ឆ្នាំ ចន្លោះពី៤៨ដល់៦៤គ្រឿង ដោយបាននាំភ្ញៀវទេសចរតាមនាវា ជាង២សែននាក់»។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្លាប់ផ្សាយថា វិស័យទេសចរណ៍ ជាចំណុចដ៏សំខាន់បំផុតមួយ សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលវាស្មើនឹងប្រហែល ចន្លោះពី១១ទៅ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអាស៊ានមួយនេះ។ មុនការផ្ទុះនូវជំងឺរាតត្បាត វិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះ បានផ្ដល់នូវការងារដល់ប្រជាពលរដ្ឋថៃ ចំនួន ៤,៥លានកន្លែង។

អាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ (TAT) បានអះអាងថា មុនការផ្ទុះនូវជំងឺកូវីដ-១៩នេះ ថៃទទួលបានភ្ញៀវទេសចរ ជិត៤០លាននាក់ នៅក្នុងឆ្នាំ២០១៩ ហើយវាជួយឲ្យប្រទេសអាស៊ានមួយនេះ ទទួលបានប្រាក់ចំណូល ចំនួន១,៩១ពាន់ពាន់លានបាត (ប្រាក់ថៃ) ឬស្មើនឹង៦១,២៤ពាន់លានដុល្លារសហរដ្ឋអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×