Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តចង្កូតស្តាំគ្មានពន្ធ ជាង២ពាន់គ្រឿង បានទៅចុះបញ្ជីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ភ្នំពេញ៖ យោងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១៨ថ្ងៃ ពោលគិតពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ម្ចាស់ និងអ្នកកាន់កាប់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ បានចូលខ្លួនទៅចុះបញ្ជីរថយន្ត និងបង់ពន្ធនិងអាករជាបន្តបន្ទាប់ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយទទួលបានរថយន្តចង្កូតស្តាំ ត្រូវបានចុះបញ្ជីសរុបមានចំនួន​២,០៦០គ្រឿង ក្នុងនោះម្ចាស់បានបង់ពន្ធ និងអាកររួចរាល់ ចំនួន១,០២៩គ្រឿង និងនៅសល់ក្នុងបញ្ជីពុំទាន់បានបង់ពន្ធ និងអាករចំនួន១,០៣១គ្រឿង។

សេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាព នៃការប្រមូលពន្ធនិងអាករ លើរថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលនៅសេសសល់ គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងទៀតថា ចំពោះរថយន្តចង្កូតឆ្វេង ដែលត្រូវបានអនុញ្ញាត ឱ្យចូលទៅបំពេញកាតព្វកិច្ចពន្ធ និងអាករ ដោយមិនរងពិន័យមានចំនួន១៥គ្រឿង។ ជារួមទឹកប្រាក់ពន្ធ និងអាករសរុប ដែលទទួលបានពីរថយន្តចង្កូតស្ដាំ និងឆ្វេងខាងលើ មានចំនួនប្រមាណ១៧.៧៩ប៊ីលានរៀល ត្រូវជាប្រមាណ៤.៣៥លានដុល្លារអាមេរិក។

សេចក្តីប្រកាសព័ត៌មានដ៏ដែលនេះ ​បានបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើការក្រើនរំលឹកទៅកាន់ម្ចាស់ និងអ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ត្រូវរួសរាន់ទៅបង់ពន្ធនិងអាករ ឬស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅអង្គភាពគយនិងរដ្ឋាករជិតបំផុត ឱ្យបានយ៉ាងយូរត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជៀសវាងការអនុវត្ត វិធានការបង្ក្រាបនិងរឹបអូស ដោយមន្ត្រីគយនិងរដ្ឋាករ មានសមត្ថកិច្ច ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕

×