រដ្ឋធានីអ៊ិស្លាមបាដ៖ ភ្ញៀវប្រហែល ១០០នាក់ ចេញពីពិធីមង្គលការ ធ្វើដំណើរតាមទូក វិលត្រឡប់ទៅផ្ទះសម្បែងវិញ ស្រាប់តែជួបនឹងគ្រោះអកុសល ក្រឡាប់លិច បណ្ដាលឲ្យស្រ្ដី២០នាក់ បាត់បង់ជីវិត ហើយអ្នករួមដំណើរជាច្រើននាក់ផ្សេងទៀត កំពុងតែបន្ដបាត់ខ្លួន កាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា នៅក្នុងទន្លេអ៊ិនដាស (Indus) ជិតម៉ាចកា (Machka) មានចម្ងាយប្រហែល៦៥គីឡូម៉ែត្រ ពីទីក្រុងរ៉ាហ៊ីមយ៉ាខាន់ (Rahim Yar Khan) ខេត្តភុនចាប (Punjab) ប្រទេសប៉ាគីស្ថាន។
សារព័ត៌មាន MEERI បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ ថា ក្រុមជួយសង្គ្រោះ នៅក្នុងខេត្ត Punjab បានរកឃើញសាកសពយ៉ាងហោចណាស់ ២០នាក់ ហើយមានមនុស្សជាច្រើនផ្សេងទៀត ត្រូវបានគេជឿថា កំពុងតែបាត់ខ្លួន។ សោកនាដកម្មនេះ បានកើតឡើង ខណៈសាឡាងដឹកភ្ញៀវ ត្រឡប់មកពីចូលរួមពិធីអាពាហ៍ពិពាហ៍ ឆ្លងកាត់ទន្លេ Indus ហើយវាបានក្រឡាប់លិច។
លោក ស្យេដ មូសា រ៉ាហ្សា (Syed Musa Raza) ស្នងការរងប៉ូលិស ទីក្រុងរ៉ាហ៊ីម យ៉ា ខាន់ បានឲ្យដឹងថា បើតាមសារព័ត៌មានប៉ាគីស្ថាន Dawn (ដោន) បានឲ្យដឹងថា មានអ្នកដំណើរ ប្រហែល១០០នាក់ បានវិលត្រឡប់ មកពីចូលរួម នៅក្នុងពិធីមង្គលការ។ ពួកគេបានធ្វើដំណើរតាមទូក ចេញពីរ៉ាចាពួរ (Rajapur) ឆ្នោះទៅកាន់ម៉ាចកា (Machka) ហើយក៏ជួបនឹងឧប្បត្ដិហេតុបែបនេះតែម្ដងទៅ។
លោកស្នងការរង ទីក្រុងរ៉ាហ៊ីម យ៉ា ខាន់ បានបញ្ជាក់ថា អ្នកដំណើរទាំងនោះ ស្ថិតក្នុងត្រកូលសូឡានហ្គិ (Solangi) ។ ចំណែកគ្រោះថ្នាក់នេះ បានកើតឡើង ក្រោយកទូករបស់ពួកគេ ដែលកំពុងតែធ្វើដំណើរ បានក្រឡាប់លិច ដោយសារផ្ទុកលើសចំណុះ និង ទឹករលកខ្លាំងពេក។
សារព័ត៌មាន Dawn បានរាយការណ៍ថា ក្រោយពេលមានកើតហេតុការណ៍ដ៏រន្ធត់បែបនេះភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះ ចំនួន៣០នាក់ រថយន្ដសង្គ្រោះបន្ទាន់ ចំនួន៥គ្រឿង និង យានសង្គ្រោះតាមផ្លូវទឹក ១គ្រឿង បានទៅដល់ចំណុចនោះ។ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពរបស់ជនរងគ្រោះ ចំនួន២០នាក់ សុទ្ធតែជាស្រ្ដី ហើយបានស្រង់ចេញពីក្នុងទឹក ខណៈប្រតិបត្ដិការស្រាវជ្រាវនេះ កំពុងតែស្វែងរកអ្នកដែលបាត់ខ្លួន។ ដោយឡែក អ្នកដំណើរតាមទូកដែលិចនោះ យ៉ាងតិច៣៥នាក់ ត្រូវបានអ្នកស្រុក ជួយសង្គ្រោះទាន់ពេលវេលា៕រក្សាសិទ្ធិដោយ ៖ សារាយSN

