អាមេរិក ៖ យន្តហោះខ្នាតតូច ២គ្រឿង បានបុកគ្នាលើផ្ទៃអាកាសបណ្តាលឱ្យផ្ទុះឆេះធ្លាក់ ផ្តាច់ជីវិតមនុស្ស៤នាក់ ខណៈដែលហោះហើរបម្រុងចុះចតនៅព្រលានយន្តហោះ ឡាស់វេហ្កាស់ខាងជើង (North Las Vegas Airport) ដែលស្ថិតក្នុងរដ្ឋណេវ៉ាដា (Nevada) នៃសហរដ្ឋអាមេរិក។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ខណ:ពេលដែលជួបឧបទ្ទហេតុបែបនេះ នាយកដ្ឋានពន្លត់អគ្គិភ័យនៃទីក្រុងឡាស់វេហ្កាស់ខាងជើង បានប្រកាសតាមប្រព័ន្ធ Twitter ថា មនុស្សចំនួន ៤នាក់ ត្រូវរាយការណ៍ថា បានស្លាប់ក្នុងពេលផ្ទុះឆេះយន្តហោះទាំង ២ គ្រឿងនោះ ហើយសមត្ថកិច្ចកំពុងបន្តការស៉ើបអង្កេតដើម្បីស្វែងរកការពិតនៃរឿងនេះ។
អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនអាមេរិក បានឱ្យដឹងផងដែរថា ខ្លួនកំពុងស៉ើបអង្កេតលើសោកនាដកម្មខាងលើ ដែលពាក់ព័ន្ធជាមួយយន្តហោះធុន Piper PA-46 មួយគ្រឿង និងយន្តហោះធុន Cessna 172N មួយគ្រឿងទៀត ដែលសុទ្ធតែជាយន្តហោះខ្នាតតូចដូចគ្នា ហេតុហើយបានជាមិនមានមនុស្សជិះច្រើន។
បើតាមក្រុមមន្ត្រីចុះជួយអន្តរាគមន៍លើហេតុការណ៍នេះ បានឲ្យដឹងថា យន្តហោះ១គ្រឿងៗ មានមនុស្សជិះចំនួន ២នាក់ដូចគ្នា ហើយក្រោយពេលបុកគ្នា យន្តហោះ Piper PA-46 បានធ្លាក់ទៅលើទីវាលមួយក្បែរផ្លូវរត់ចុះ-ឡើងនៃយន្ដហោះ, ចំណែកយន្តហោះ Cessna បានធ្លាក់ចូលទៅក្នុងស្រះមួយកន្លែងក្បែរនោះ, មានន័យថា មនុស្សដែលនៅក្នុងយន្តហោះទាំង ២គ្រឿងនោះ គ្មាននរណានៅមានជីវិតនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













