Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ខឹងនឹង Google មិនព្រមលុបមាតិកាចោល ចាប់ផាកជាង២១ពាន់លាន

រដ្ឋធានីមូស្គូ៖ របបគ្រប់គ្រងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានខឹងសម្បានឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់លោកខាងលិច ហើយប្រើប្រាស់តុលាការទីក្រុងមូស្គូ ឲ្យផាកពិន័យ មានទឹកប្រាក់ទំហំ ២១,១ពាន់លានរូប្ល (Rouble ប្រាក់របស់រុស្ស៊ី) ឬស្មើនឹង៣៧៣លានដុល្លារសហរដ្ឋអាមេរិក ប្រឆាំងនឹង Google ក្រោមការចោទប្រកាន់ ពីការខកខានម្តងហើយម្តងទៀត នៅក្នុងការដកចេញពីមាតិកា តាមអ្វីដែលរុស្ស៊ី ចាត់ទុកថា ជាទង្វើខុសច្បាប់ មានដូចជា «ព័ត៌មានក្លែងក្លាយ» ជុំវិញជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Gizmodo បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ថា និយតករគមនាគមន៍របស់រុស្ស៊ី បានបញ្ជាក់ថា Google របស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនគ្រប់គ្រងបច្ចេកវិទ្យាពហុជាតិរបស់សហរដ្ឋអាមេរិក មានទីស្នាក់ការកណ្តាល នៅ Mountain View រដ្ឋកាលីហ្វ័រញ៉ា បានរងនូវការផាកពិន័យ មានទំហំទឹកប្រាក់ ៣៧៣លានដុល្លារសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ដោយតុលាការទីក្រុងមូស្គូ។ ការសម្រេចរបស់តុលាការនេះ ក៏ដោយសារតែក្រុមហ៊ុន បានខកខានម្ដងហើយម្ដងទៀត ជុំវិញការដកអត្ថបទចេញ តាមអ្វីដែលរុស្ស៊ី ចាត់ទុកជាទង្វើខុសច្បាប់ មានដូចជា «ព័ត៌មានក្លែងក្លាយ» ជុំវិញជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន។

រដ្ឋាភិបាលក្រុងមូស្គូ តែងតែប្រឆាំង អស់រយៈពេលជាយូរមកហើយ ចំពោះការចែកចាយមាតិកានៅលើផ្លេតហ្វម (Platform) បច្ចេកវិទ្យាបរទេស ដែលបំពានលើការរឹតបន្តឹងរបស់រុស្ស៊ី។ ប៉ុន្តែជម្លោះដែលដ៏ពុះកញ្ជ្រោលនេះ បានផ្ទុះឡើង រហូតក្លាយទៅជាសមរភូមិយ៉ាងពេញទំហឹង ចាប់តាំងពីរុស្ស៊ី បានកេណ្ឌកម្លាំងប្រដាប់អាវុធរបស់ខ្លួន មុនពេលឆ្លងព្រំដែន វាយលុកចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

Google កាលពីចុងឆ្នាំមុន បានរងនូវការពិន័យ ជាទឹកប្រាក់ទំហំ ៧,២ពាន់លានរូប្ល (Rouble ) ឬស្មើនឹង ១៦២,៦៥លានដុល្លាសហរដ្ឋអាមេរិក ដោយសារការខកខាន នៅក្នុងការលុប ឬទប់ស្កាត់មាតិកា ដែលរុស្ស៊ីមិនពេញចិត្ត។ ដោយឡែកគណនីធនាគាររបស់អង្គភាពរុស្ស៊ី នៃក្រុមហ៊ុននេះ ក៏ត្រូវបានរឹបអូស ហើយជំរុញឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវដាក់ពាក្យសុំក្ស័យធន និង ធ្វើឱ្យ Google មិនអាចបង់ប្រាក់ដល់បុគ្គលិក និង អ្នកលក់។ ប៉ុន្ដែទោះជាយ៉ាងណា Google នៅមិនទាន់ឆ្លើយតបភ្លាមៗ ចំពោះសេចក្តីសម្រេចរបស់តុលាការរុស្ស៊ី នាពេលនេះនៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×