Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី កំពុងតែផុងខ្លួនក្នុងសង្គ្រាម ពូទីន ធ្វើដំណើរទៅជួបប្រធានាធិបតី២ប្រទេស

រដ្ឋធានីតេអ៊ីរ៉ង់៖ ស្របពេលរុស្ស៊ី កំពុងតែផុងខ្លួននឹងសង្គ្រាមឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន នោះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែលក្លាយខ្លួនជាប្រមុខរដ្ឋឯកោយ៉ាងខ្លាំង បានធ្វើដំណើរទៅជួបជាមួយសមភាគីតួកគី និង អ៊ីរ៉ង់របស់គាត់ នៅក្នុងរដ្ឋធានីតេអ៊ីរ៉ង់ ដើម្បីពិភាក្សា ជុំវិញបញ្ហាជាច្រើន ទាំងនៅស៊ីវី អ៊ុយក្រែន និង កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

សារព័ត៌មាន France 24 បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវគេរំពឹងថា នឹងជួបជាមួយសមភាគីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) នៅថ្ងៃអង្គារ ក្នុងរដ្ឋធានីតេអ៊ីរ៉ង់ (Tehran) ។ នៅក្នុងជំនួបកំពូល ដែលមានវត្ដមានរបស់លោក រ៉ែសែប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី នឹងប្រព្រឹត្តទៅ ក្នុងទម្រង់ត្រីភាគី សំដៅដោះស្រាយនូវការខ្វែងគំនិតគ្នា ជុំវិញបញ្ហានានា នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែបញ្ហានេះ នៅតែមានឧបសគ្គជាច្រើនទៀត ខណៈសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ។

ប្រមុខរដ្ឋ និង គណៈប្រតិភូ នៃប្រទេសទាំង៣នេះ ត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចប្រជុំទ្វេភាគី ក្នុងអំឡុងពេលនោះ។ មេដឹកនាំទាំងនេះ នឹងលើកយកបញ្ហាជាច្រើន ចាប់តាំងពីសង្គ្រាម នៅអ៊ុយក្រែន រហូតដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥របស់អ៊ីរ៉ង់ ជាមួយមហាអំណាចពិភពលោក ក៏នឹងអាចលើក យកមកពិភាក្សាផងដែរ។

កិច្ចប្រជុំកំពូល នៅទីក្រុងតេអេរ៉ង់ ធ្វើឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង ជាមួយនឹងតួកគី ដែលស្ថិតនៅជ្រុងម្ខាង នៃជម្លោះ ហើយរុស្ស៊ី និង អ៊ីរ៉ង់ ស្ថិតនៅម្ខាងទៀតផងដែរ។ កាលពីថ្ងៃទី ១ ខែមិថុនា ប្រទេសតួកគី បានប្រកាសថា ក្រុងអង់ការ៉ា នឹងចាប់ផ្តើមប្រតិបត្តិការយោធាជាថ្មីមួយ នៅក្នុងទីក្រុងភាគខាងជើង នៃប្រទេសស៊ីរី យ៉ាងតិចចំនួន២កន្លែង នៅក្នុងពេលដ៏ឆាប់ៗនេះ ដើម្បីតម្រង់គោលដៅទៅលើអ្វីដែលតួកគី ចាត់ទុកថា «ភេរវករក្រុមប្រដាប់អាវុធឃឺដ»។

ដោយឡែក រុស្ស៊ី និង អ៊ីរ៉ង់ ក៏ជាអ្នកគាំទ្រដ៏ខ្លាំងក្លាបំផុត ដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាសារ អាល់អាសសាដ (Bashar al-Assad) ដើម្បីជួយរក្សាអំណាចរបស់គាត់ តាមរយៈសង្គ្រាមស៊ីវិល នៅក្នុងប្រទេសមួយនេះ ដែលបានចាប់ផ្ដើម អស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×