រដ្ឋធានីមូស្គូ៖ ជាមួយនឹងទណ្ឌកម្មប្រឆាំងនឹងវិមានក្រឹមឡាំង ជុំវិញស.ង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នោះ ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានព្រមានដល់បណ្ដាប្រទេសបស្ចិមលោក អំពីការកាត់បន្ថយនូវការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ពីប្រទេសរុស្ស៊ី ហើយសកម្មភាពបែបនេះ នឹងធ្វើឲ្យតម្លៃថាមពលកាន់តែឡើងថ្លៃបន្ថែមទៀត។
សារព័ត៌មាន ABC News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២០ ខែកក្កដា ថា លោក ពូទីន បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា កំហុសឆ្គងដោយផ្ទាល់របស់ប្រទេសលោកខាងលិច នាំឲ្យមានលំហូរឧស្ម័នធម្មជាតិ ពីប្រទេសរុស្ស៊ី ទៅកាន់អតិថិជន នៅក្នុងប្លុកអឺរ៉ុប ធ្លាក់ចុះ ហើយក្រុងមូស្គុ នឹងព្រមានថា ការផ្គត់ផ្គង់ហ្គាស អាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានរុស្ស៊ី នៅក្នុងរដ្ឋធានីតេអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ង់ ខណៈទៅបំពេញទស្សនកិច្ចជាលើកដំបូង ចាប់តាំងពីការផ្ទុះសង្គ្រាម នៅអ៊ុយក្រែន នោះ លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា បរិមាណឧស្ម័ន ដែលបានបូម តាមបំពង់ Nord Stream ទៅកាន់ប្រទេសអាល្លឺម៉ង់ នឹងធ្លាក់ចុះបន្ថែមទៀត ចន្លោះពី៦០លានម៉ែត្រគុប មកនៅត្រឹមតែ៣០លានម៉ែត្រគុប ក្នុងមួយថ្ងៃ ឬប្រហែល១ភាគ៥ នៃសមត្ថភាពបង្ហូរប្រេង ប្រសិនបើទួរប៊ីន (Turbine) មិនត្រូវបានជំនួសឲ្យបានលឿននោះទេ។
ប្រធានាធិបតីរុស្ស៊ី ក៏បានព្រមានដល់បណ្ដាប្រទេសបស្ចិមលោក ថា ផែនការរបស់លោកខាងលិច នៅក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដែលជាផ្នែក នៃទណ្ឌកម្មប្រឆាំងនឹងវិមានក្រឹមឡាំង ជុំវិញសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នោះ នឹងធ្វើឱ្យមានអស្ថិរភាព នៅលើទីផ្សារប្រេងរបស់ពិភពលោក និង ធ្វើឱ្យតម្លៃប្រេងកាន់តែឡើងថ្លៃ។
ប្រធានាធិបតីរុស្ស៊ី បានបន្ថែមទៀតថា «យើងកំពុងតែឮគំនិតឆ្កួតៗមួយចំនួន អំពីការកម្រិតបរិមាណប្រេងរបស់រុស្ស៊ី និង ការកំណត់តម្លៃប្រេងរបស់យើង។ ចំណែកលទ្ធផលនេះ នឹងដូចគ្នា ជាមួយនឹងការកើនឡើងតម្លៃ ហើយតម្លៃប្រេង នឹងឡើងថ្លៃខ្ពស់បន្ថែមទៀត»៕រក្សាសិទ្ធិដោយ ៖ សារាយSN









