ភ្នំពេញ៖ ថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC ទើបតែបានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡាថ្មីមួយទៀត ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន L-Q New Energy CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តក្រចេះ មានទុនវិនិយោគចំនួន ៨៤,៥លានដុល្លារ និងបង្កើតការ ងារបានចំនួនប្រមាណ ១.០០០នាក់។

ការបង្កើតរោងចក្រផលិតបន្ទះសូឡាបានជំរុញឱ្យប្រទេសកម្ពុជា កំពុងទាក់ទាញគម្រោងវិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡា សម្រាប់តំបន់អាស៊ាន ខណៈពេលដែលពិភពលោកកំពុងតម្រង់ទិសទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ(សូឡា) ឬ ថាមពលស្អាត ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ។

ជាមួយគ្នានេះ ការវិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡានៅកម្ពុជា កើតឡើងស្របពេលដែលសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយអនុញ្ញាតឱ្យផលិតផលបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬបន្ទះសូឡា នាំចូលទៅសហរដ្ឋអាមេរិក ពីប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម ដោយគ្មានរបាំងពន្ធគយរយៈពេល ២ឆ្នាំផងដែរ។

អ្នកជំនាញអះអាងថា ការលើកលែងពន្ធរបស់សហរដ្ឋអាមេរិក ជារឿងល្អណាស់ ដើម្បីក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិ អាចវិនិយោគធ្វើរោងចក្រផ្ទាំងសូឡានៅកម្ពុជា ដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលលើកទឹកចិត្ត ឱ្យមានការវិនិយោគនៅកម្ពុជា។

តាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១០ ដែលបានផលិត និងនាំចេញបន្ទះសូឡា ទៅទីផ្សារអន្តរជាតិ ។ទីផ្សារសំខាន់សម្រាប់ផលិតផលសូឡា និងផលិផលគ្រឿងបង្គុំកម្ពុជា នាំចេញភាគច្រើន គឺទៅកាន់សហរដ្ឋអាមេរិក។ ការនាំចេញទៅកាន់ទីផ្សារប្រទេសសេដ្ឋកិច្ចធំជាងគេមួយនេះ ក្នុងមួយរយៈចុងក្រោយ មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម ការនាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ ២០២១ មានតម្លៃទឹកប្រាក់សរុប ២៥៦,៨៩លានដុល្លារ បានកើនឡើង ៩៣,៦៦ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលមានតម្លៃទឹកប្រាក់ ១៣២,៦៥លានដុល្លារ៕