រាជធានីឡុងដ៍ ៖ រហូតមកដល់ពេលនេះ ការប្រកួតប្រជែងដណ្ដើមតំណែងនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស កំពុងតែបន្ដយ៉ាងស្វិតស្វាញ ដើម្បីចូលខ្លួនមកដឹកនាំប្រទេសមហាអំណាចលោកខាងលិចមួយនេះ ជំនួសលោក បូរីស ចនសុន ដែលបានប្រកាសលាលែងពីតំណែង ហើយឥឡូវ គេកំពុងតែមើលឃើញថា បុរសជនជាតិអង់គ្លេសដើមកំណើតឥណ្ឌាម្នាក់ កំពុងតែនាំមុខគេ នៅក្នុងការបោះឆ្នោតចុងក្រោយនេះ។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ថា លោក រីស៊ី ស៊ូណាក (Rishi Sunak) អតីតប្រធានរតនាគារចក្រភពអង់គ្លេស និង ជាអតីតរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុ ទទួលបានសំឡេងគាំទ្រ ចំនួន១១៨ នៅក្នុងការបោះឆ្នោតជុំទី៤។ គាត់បានឈរនៅលំដាប់កំពូល នៃការបោះឆ្នោត កាលពីថ្ងៃអង្គារ ដើម្បីក្លាយជាបេក្ខជនម្នាក់ នៅក្នុងចំណោមបេក្ខជន២នាក់ ដែលឈានមុខគេ សម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៃគណបក្សអភិរក្ស និង ជានាយករដ្ឋមន្ត្រីអង់គ្លេស។

អតីតប្រធានធនាគារជនជាតិអង់គ្លេស ដើមកំណើតឥណ្ឌា រូបនេះ បានទទួលសំឡេងឆ្នោត ចំនួន១១៨ នៅក្នុងការបោះឆ្នោតជុំទី៤ ខណៈលោក ផែននី ម័រដោន (Penny Mordaunt) រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលបានខ៩២សំឡែង និង លោកស្រី លីស ត្រាស់ (Liz Truzz) រដ្ឋមន្រ្ដីក្រសួងការបរទេសរបស់លោក ចនសុន ទទួលបាន៨៦សំឡេង។
ដោយឡែក លោក បូរីស ចនសុន (Boris Johnson) នឹងនៅតែបន្ដធ្វើជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្ដីរបស់គាត់ ក្នុងនាមជានាយករដ្ឋមន្រ្ដីចាំផ្ទះ នៅសប្ដាហ៍នេះ ហើយគេរំពឹងថា នាយករដ្ឋមន្រ្ដីថ្មី នឹងមកជំនួសតំណែងរបស់គាត់ នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN









