រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលសង្គ្រាម កំពុងតែវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ុយក្រែននោះ មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានអះអាងថា រដ្ឋាភិបាលក្រុងមូស្គូ មានផែនការកាត់យកទឹកដីរបស់អ៊ុយក្រែន នៅក្នុងតំបន់ដែលកម្លាំងទាហានរុស្ស៊ីវាយដណ្ដើមកាន់កាប់ មកដាក់បញ្ចូលជាទឹកដីរបស់ខ្លួន ដូចអ្វីដែលធ្លាប់ធ្វើ នៅឧបទ្វីបគ្រីមៀ កាលពីអំឡុងឆ្នាំ២០១៤។
សារព័ត៌មាន CNN បានផ្សាយថា លោក ចន ឃើប៊ី (John Kirby) ជាអ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ នៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ថា ចារកម្មរបស់សហរដ្ឋអាមេរិក បានអះអាងថា រុស្ស៊ីកំពុងរៀបចំផែនការ នៅក្នុងការដាក់បញ្ចូលទឹកដីអ៊ុយក្រែន ដែលខ្លួនគ្រប់គ្រង ដោយបំពានដោយផ្ទាល់លើអធិបតេយ្យភាពរបស់អ៊ុយក្រែន ជាទឹកដីរបស់ខ្លួន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ចន ឃឺប៊ី (John Kirby) អ្នកនាំពាក្យ ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់ថា រុស្ស៉ីកំពុងត្រៀមខ្លួនតែងតាំងក្រុមមន្ត្រីខុសច្បាប់ បង្កើតប្រព័ន្ធចាយប្រាក់រូប្ល៍រុស្ស៉ី និង បង្ខំឱ្យប្រជាជនអ៊ុយក្រែន ដាក់ពាក្យស្នើសុំទទួលយកសញ្ជាតិរុស្ស៉ី។ យើងទទួលបានព័ត៌មាន នៅថ្ងៃនេះ ដោយរួមទាំងព័ត៌មាន ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលយើងនឹងចែក រំលែកជាមួយអ្នកទាំងអស់គ្នាថា រុស្ស៉ីកំពុងចាប់ផ្ដើមដំណើរការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន។ នេះជាទង្វើរំលោភបំពានលើអធិបតេយ្យរបស់អ៊ុយក្រែន ដោយផ្ទាល់»។
លោក ចន ឃឺប៊ី បានបន្ថែមថា រុស្ស៉ីកំពុងតែប្រើយុទ្ធសាស្ត្រដូចគ្នាទៅនឹងការក្រសោបយកតំបន់គ្រីមៀ ពីប្រទេសអ៊ុយក្រែន កាលពីអំឡុង ឆ្នាំ២០១៤ ដើម្បីកាត់យកទឹកដីអ៊ុយក្រែន នៅតាមតំបន់ ដែលកងទ័ពរុស្ស៉ី កំពុងតែគ្រប់គ្រង ក្រោយការផ្ទុះសង្គ្រាមឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ៕ រក្សាសិទ្ធិដោយ ៖ សារាយSN














