ភ្នំពេញ៖ កំណើនខ្ពស់ មិនធ្លាបមាននៃអតិផរណារបស់ប្រទេសកម្ពុជា នៅក្នុងរយៈពេលជាង ១ទសវត្សរ៍មកនេះ បានជំរុញឱ្យ ធនាគារជាតិនៃកម្ពុជា NBC ដាក់វិធានការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីគ្រប់គ្រងសម្ពាធ អតិផរណា។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ខែកក្កដា ឆ្នាំ ២០២២នេះ បានថ្លែងថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោ បាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង។ ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «ដោយសារបញ្ហាដុល្លារូប-នីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់ និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា។ កាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញ និងសេវានានាកើនឡើងភ្លាមផងដែរ»។

អ្នកសេដ្ឋវិទូនៅលើពិភពលោក បានកំពុងបង្ហាញការព្រួយបារម្ភអំពីការការលេចចេញសញ្ញាមិនល្អនៃវិបត្តិសេដ្ឋកិច្ចសកល ដែលកើតចេញពីការហក់ឡើងតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ សង្រ្គាមរុស្ស៊ី អ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក ដែលបាននាំឱ្យមានលំហូរមូលធនចូលសហរដ្ឋអាមេរិក ដែលធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនឡើង។

គួរបញ្ជាក់ថា បើតាមទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ដើម្បីប្រសិទ្ធភាពនៃការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ធនាគារជាតិនៃកម្ពុជា ក៏បានធ្វើការតម្រង់ទិសអត្រាប្តូរប្រាក់នៅលើទីផ្សារ តាមរយៈការកំណត់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា និងការគ្រប់គ្រងសន្ទនីយភាពក្នុងកម្រិតសមស្រប ដោយការបញ្ចេញសន្ទនីយភាពជារៀល តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការស្រូបយកសន្ទនីយភាពលើសក្នុងប្រព័ន្ធធនាគារដោយមូលបត្រអាចជួញដូរបាន (NCD)៕
