Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមជា ចាន់តូ លើកឡើងថា សេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួនផងដែរ

spot_img

ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ស្ថានភាពអត្រាអតិផរណា មានភាពមិនប្រាកដប្រជាខ្ពស់ ដោយអាស្រ័យជាចម្បងលើឥទ្ធិពល នៃការអូស-បន្លាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ទៅលើថ្លៃប្រេង និងការអនុវត្តវិធានបិទខ្ទប់តំបន់ផលិតកម្មនៅប្រទេសចិន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម ជា ចាន់តូ បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយ ចំនួនដូចជា ហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប ដែលអាចប៉ះពាល់ដល់ការនាំចេញ និងការថម​ថយកំណើនសេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការងើបឡើងវិញនៃវិស័យទេស​ចរណ៍ និងអចលនទ្រព្យ។

ការលើកឡើងរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា យ៉ាងដូច្នេះនៅក្នុងឱកាសបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា។

ដោយសារឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជា បានកើនឡើងដល់ ៧,២% នៅខែឧសភា ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយនេះ។ ជាមួយនឹងការរំពឹង ទុកថា ថ្លៃប្រេងនឹងថយចុះអតិផរណាក៏ត្រូវបានព្យាករថា ថយចុះផងដែរនៅឆមាសទី២នេះ។

នៅខែមិថុនា ធនាគារកណ្តាលអាមេរិក បានប្រកាសពីការដំឡើងអត្រាការប្រាក់គោលចំនួន ៧៥ពិន្ទុ ពី១,៥% ទៅ ១,៧៥% ដែលជាកម្រិតខ្ពស់បំផុតចាប់ឆ្នាំ ១៩៩៤ ដើម្បីទប់ទល់នឹងកម្រិតអតិផារណាបានកើនឡើងដល់ម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំមកនេះ។ ជាមួយនឹងកំណើនអតិផរណាកម្រិតខ្ពស់បែបនេះរបស់អាមេរិក គេរំពឹងថា កំណើនអត្រាការប្រាក់គោលនេះអាចនឹងកើនដល់ ៣,២៥% ទៅ ៣,៥០% នៅចុងឆ្នាំនេះ។

ឯកឧត្តម ជា ចាន់តូ បានអះអាងថា ការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក នឹងមិនមានឥទ្ធិពលដោយផ្ទាល់លើអត្រាការប្រាក់នៅកម្ពុជានោះទេ ប៉ន្តែអាចធ្វើឱ្យមានសម្ពាធលើអត្រាប្តូរប្រាក់ ដោយសារការឡើងថ្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

គួរបញ្ជាក់ថា បើតាមទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយសារប្រាក់ដុល្លារអាមេរិកមាននិន្នាការឡើងថ្លៃនៅលើទីផ្សារអន្តរជាតិប្រាក់រៀល នឹងបន្តប្រឈមនឹងសម្ពាធធ្លាក់ថ្លៃ។ ធនាគារជាតិនៃកម្ពុជា នឹងបន្តប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់នានា ក្នុងការរក្សាតម្លៃប្រាក់រៀលឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញរបស់រូបិយវត្ថុជាតិ ក៏ដូចជា ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ៕

spot_img
×