Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួកគី រុស្ស៊ី និង អ៊ុយក្រែន មកចុះហត្ថលេខាកិច្ចព្រមព្រៀង របស់អង្គការសហប្រជាជាតិ

រដ្ឋធានីអង់ការ៉ា៖ ការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ពេលនេះ កំពុងតែបង្កឲ្យមានអសន្ដិសុខស្បៀងអាហាររបស់ពិភពលោកយ៉ាងខ្លាំង ហើយប្រជាជន ប្រហែល១៨១លាននាក់ រស់នៅក្នុងប្រទេស ចំនួន៤១ កំពុងតែប្រឈមមុខនឹងគ្រោះអត់ឃ្លាន ប៉ុន្ដែឥឡូវ ស្ថានភាពបែបនេះ អាចនឹងធូរស្រាលឡើងវិញ ក្រោយពេលក្រុងមូស្គូ និង ក្រុងគៀវ ចុះហត្ថលេខា លើផែនការរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ដើម្បីបើកច្រកឲ្យមានការនាំគ្រាប់ធញ្ញជាតិ ចេញពីប្រទេសដែលហែកហួរ ដោយសារសង្គ្រាមនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ថា ប្រធានាធិបតីតួកគី លោក រ៉េសេប តាយយីប អេដូហ្គេន (Recep Tayyip Erdoğan) បានអះអាងថា អ៊ុយក្រែន រុស្ស៊ី និង តួកគី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីរំដោះនូវការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែរបស់អ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធ នៅថ្ងៃសុក្រនេះ។

សេចក្តីថ្លែងការណ៍មួយ បានបញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែររ៉ែស (Antonio Guterres) បានប្រកាសថា លោកកំពុងធ្វើដំណើរ ទៅកាន់ទីក្រុងអ៊ីស្ដាន់ប៊ូល (Istanbul) នៅថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមជាមួយលោក Erdogan នៅវិមានដូលម៉ាបាស (Dolmabahce)។

លោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី លោក Erdogan បានបញ្ជាក់ នៅលើបណ្ដាញសង្គមថា «កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនេះ មានសារៈសំខាន់ណាស់ សម្រាប់សន្តិសុខស្បៀងរបស់ពិភពលោក នឹងត្រូវចុះហត្ថលេខា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃស្អែក ក្រោមការឧបត្ថម្ភពីប្រធានាធិបតីតួកគី លោក Erdogan និង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres រួមជាមួយគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី»។

រុស្សី និង អ៊ុយក្រែន ជាប្រទេសផ្គត់ផ្គង់ស្រូវសាលីដ៏ធំ នៅលើពិភពលោក។ ប៉ុន្ដែការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យតម្លៃស្បៀងឡើងខ្ពស់ ក្រោយការបិទខ្ទប់កំពង់ផែរបស់អ៊ុយក្រែន មិនអាចនាំចេញគ្រាប់ធញ្ញជាតិ ទៅផ្គត់ផ្គង់ដល់ពិភពលោកបាន។ ប៉ុន្ដែបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ធ្លាប់លើកឡើង កាលពីដើមខែកក្កដា ថា ប្រជាជន ប្រហែល១៨១លាននាក់ នៅក្នុងប្រទេស ចំនួន៤១ ប្រឈមមុខនឹងគ្រោះអត់ឃ្លាន ដោយសារវិបត្ដិ នៅអ៊ុយក្រែននេះ។

លោក Guterres បាន និង កំពុងធ្វើការនៅលើផែនការមួយ អាចជួយដល់រដ្ឋាភិបាលក្រុងគៀវ នាំចេញគ្រាប់ធញ្ញជាតិ រាប់លានតោន ស្ដុកនៅក្នុងកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលត្រូវជាប់គាំង ដោយសារសង្គ្រាម។ នេះជាវិធានការថ្មីមួយ អាចបន្ធូរបន្ថយដល់វិបត្តិស្បៀងអាហាររបស់ពិភពលោក។ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ គ្រាប់ធញ្ញជាតិ ប្រហែ២២លានតោន ត្រូវជាប់គាំង នៅក្នុងប្រទេសអ៊ុយក្រែន៕រក្សាសិទ្ធិដោយ ៖ សារាយSN

×