Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន កំពុងតែព្រួយបារម្ភអំពីការគំរាមកំហែង ដល់សន្ដិសុខជាតិ

រាជធានីតូក្យូ៖ ក្រសួងការពារជាតិជប៉ុន បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ នៅក្នុង«សៀវភៅស» របស់ខ្លួន ស្ដីអំពីការគំរាម.កំហែងផ្នែកសន្ដិសុខ ដែលកំពុងតែកើនឡើងយ៉ាងខ្លាំង ដោយរួមទាំងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ការបំភិត.បំភ័យរបស់ចិន ទៅលើកោះតៃវ៉ាន់ និង ខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២២ ខែកក្កដា ថា ជប៉ុន កាលពីថ្ងៃសុក្រ បានព្រមាន អំពីការគំរាម.កំហែងដល់សន្តិសុខជាតិ កំពុងតែកើនឡើង ដោយរាប់បញ្ចូលទាំងផលវិបាកនានា កើតឡើងដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅប្រទេសអ៊ុយក្រែន, សកម្មភាពបំភិតបំភ័យរបស់យោធាចិន ទៅលើកោះតៃវ៉ាន់ និង ភាពងាយរងគ្រោះលើខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា។

សៀវភៅសរបស់ក្រសួងការពារជាតិជប៉ុន បានលើកឡើង ពីការប៉ាន់ប្រមាណរបស់អង្គការសម្រាប់សហប្រតិបត្ដិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ហៅកាត់ OECD ប្រៀបធៀបនឹងការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជប៉ុន និង ប្រទេសចំនួន៨ផ្សេងទៀត ដោយបង្ហាញថា ប្រទេសជប៉ុន ចំណាយ 0,៩៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប, សហរដ្ឋអាមេរិក ចំណាយ ៣,១២ភាគរយ , កូរ៉េខាងត្បូង ចំណាយ ២,៥៧ភាគរយ, ប្រទេសចិនចំណាយ ១,២ភាគរយ និង រុស្ស៊ី ចំណាយ ២,៧៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។

សៀវភៅសនេះ ក៏អះអាងថា ការចំណាយរបស់ប្រទេសជប៉ុន គិតជាភាគរយនៃផលិតផលក្នុងស្រុកសរុប គឺទាបជាងក្រុមប្រទេសចំនួន៧ផ្សេងទៀត មានដូចជា អូស្ត្រាលី និង កូរ៉េខាងត្បូង…ជាដើម។

រដ្ឋាភិបាលក្រុងក្រុងតូក្យូ បានចេញសារព្រមានបែបនេះ នៅក្នុងរបាយការណ៍ ស្ដីពីវិស័យការពារជាតិប្រចាំឆ្នាំរបស់ខ្លួន។ ក្រសួងការពារជាតិជប៉ុន បានចុះនៅក្នុង «សៀវភៅស» របស់ខ្លួន បង្ហាញអំពីការព្រួយបារម្ភ នៅចំពោះមុខ អំពីភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់។ ចំណែកការប្រកួតប្រជែងខាងនយោបាយ សេដ្ឋកិច្ច និងយោធា រវាងបណ្ដាប្រទេសនានា កំពុងតែលេចចេញជារូបរាងកាន់តែច្បាស់ ហើយសកម្មភាពបែបនេះ ក៏កំពុងតែគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ ជាសកល»។

សៀវភៅសនេះ ក៏បានរៀបរាប់ អំពីការវា.យប្រ.ហាររបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន ជាសកម្មភាពបំពានលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត ហើយកំពុងតែបង្កើតឱ្យមានការព្រួយ បារម្ភថា ការប្រើប្រាស់កម្លាំងយោធារបស់រុស្ស៉ី គឺដើម្បីដោះស្រាយបញ្ហា ឬជម្លោះ។ សកម្មភាពយោធាស្រដៀងគ្នានេះ នឹងនាំឱ្យមានការបារម្ភកាន់តែខ្លាំងឡើង ទៅលើកោះតៃវ៉ាន់ ដោយសារតែក្រុងប៉េកាំង តែងតែចាត់ទុក ជាអាណាខេត្តមួយរបស់ខ្លួន មិនអាចកាត់ផ្ដាច់ចេញពីចិន។ ក្រុងប៉េកាំង តែងតែគំរាមកំហែង ពីការប្រើប្រាស់កម្លាំងទ័ព ចូលលុកលុយទៅលើដែនកោះមួយនេះ ប្រសិនបើក្រុងតៃប៉ិ ហ៊ានប្រកាសពីឯករាជភាពរបស់ខ្លួន។

នៅក្នុងសៀវសរបស់ក្រសួងការពារជាតិជប៉ុន បានបង្ហាញដោយរដ្ឋាភិបាលរបស់លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន បានចាត់ទុកចិន រុស្ស៉ី និង កូរ៉េខាងជើង ជាក្ដីកង្វល់ដល់សន្តិសុខជាតិជប៉ុន៕រក្សាសិទ្ធិដោយ ៖ សារាយSN

×