ការប្រែប្រួលអាកាសធាតុ ជាប្រធានបទក្តៅសម្រាប់ពិភពលោក!។ ជាក់ស្តែង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ជាប់ៗគ្នាមកនេះ ភ្លៀងបានធ្លាក់យ៉ាងគំហុក ដែលបណ្តាលឲ្យតំបន់នៅក្នុងប្រទេសជាច្រើន ត្រូវជន់លិច។ ក្នុងនោះ សូម្បីតែនៅបណ្តាខេត្តភាគខាងត្បូងវៀតណាម និងរួមទាំងទីក្រុងហូជីមិញ គឺត្រូវជំនន់ទឹកភ្លៀងជន់លិច ដែលអាចជិះទូកកណ្តាលក្រុងបាន។
ដោយឡែក នៅក្នុងប្រទេសថៃឯណេះវិញ ដែលជាប់ក្នុងប្រវត្តិសាស្រ្ត រឿងជំនន់ទឹកភ្លៀងជន់លិច មិនថាឆ្នាំណាក៏ដូចជាឆ្នាំណា គឺកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ភ្លៀងបានធ្លាក់យ៉ាងគំហុក បណ្តាលឲ្យលិចក្រុងយ៉ាងខ្លាំង រហូតដល់ចៅហ្វាយក្រុង ចេញមុខសំទោសប្រជាពលរដ្ឋទាំងយប់តែម្តង។
នេះបើតាមទំព័រហ្វេសប៊ុក Khaosod បានបង្ហោះឲ្យដឹងថា អភិបាលក្រុងបាងកក លោក Chatchart Sittipunt បាននិយាយនៅល្ងាចថ្ងៃព្រហស្បតិ៍ថា លោកទទួលខុសត្រូវ “100 ភាគរយ” ចំពោះការដោះស្រាយទឹកជំនន់ ខណៈដែលប្រជាជនទីក្រុងបាងកក កំពុងប្រឈមការលំបាកខ្លាំង ដោយសារទឹកភ្លៀងជន់លិចចូលដល់ក្នុងផ្ទះ។
លោក Sittipunt បានមាននិយាយបែបនេះថា “កុំបន្ទោសធម្មជាតិ បន្ទោសខ្ញុំមក ទឹកជំនន់ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់ខ្ញុំ… ខ្ញុំទទួលយក 100 ភាគរយ… ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ ខ្ញុំនឹងរៀបចំផែនដោះស្រាយក្នុងការរយៈពេលខ្លី និងសម្រាប់អនាគត”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














