Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូជពោតក្រហម CHM01 ធន់នឹងជំងឺ និងបំរែបំរួលអាកាសធាតុ អាចជួយពង្រីកផលិតកម្មឱ្យកាន់តែច្រើន

spot_img

ភ្នំពេញ៖ ពូជពោតក្រហម CHM01 មានគុណភាពខ្ពស់ ធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ។ ពូជពោតនេះ ផ្ដល់ទិន្នផលខ្ពស់ក្នុងរង្វង់១០តោន ក្នុងផ្ទៃដីមួយហិកតា។ អ្នកជំនាញការមកពីប្រទេសកូរ៉េ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយៈកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ ហៅកាត់ថា KOPIA បានខិតខំសិក្សាស្រាវជ្រាវ និងបង្កាត់ពូជពោតក្រហម នៅស្ថានីយពិសោធន៍​កសិកម្មបន្ទាយដែក ដើម្បីចែកជូនទៅប្រជាកសិករតាមខេត្តគោលដៅ ដាំដុះឱ្យបាន ៣០០ហិកតា។​

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានចាត់ទុក​ថា ពោតក្រហម ជាដំណាំដ៏មានសក្ដានុពលសម្រាប់កម្ពុជា ហើយតាមរយៈពូជថ្មីនេះ លោកសង្ឃឹមថា នឹងអាចពង្រីកផលិតកម្មឱ្យកាន់តែច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយរបស់ក្រសួង ក្នុងការជំរុញការផលិតផ្គត់ផ្គង់ទូទាំងប្រទេសសម្រាប់ផលិតចំណីសត្វ និងឈានទៅធ្វើការនាំចេញពោតក្រហមឲ្យបានច្រើនថែមទៀត។

ក្តីរំពឹងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានធ្វើឡើងក្នុងជំនួបរវាងលោក និងលោកបណ្ឌិត Song Young Ju ប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA ដែលបានជួបពិភាក្សាគ្នា ពាក់ព័ន្ធនឹងជំនួយឧបត្ថម្ភគាំទ្ររបស់សាធារណៈរដ្ឋកូរ៉េមកកម្ពុជាលើវិស័យកសិកម្ម។​

ឯកឧត្តម វេង សាខុន រំពឹងថា កម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA នឹងបន្តជួយ និងពង្រីកកិច្ចសហការដ៏ល្អនេះបន្ថែមទៀត ជាពិសេសលើការងារបណ្ដុះបណ្ដាល ស្រាវជ្រាវពូជដំណាំ ដែលកំពុងមានសក្ដានុពល ដូចជាពូជពោតក្រហម ជាមួយអគ្គនាយកដ្ឋានកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។

ឯកឧត្តមវេង សាខុន ក៏បានស្នើដល់ភាគីកូរ៉េជួយពិនិត្យ ពិចារណាដល់ការបញ្ជ្រាប និងបញ្ចូលបច្ចេកវិទ្យា បច្ចេកទេសថ្មីទំនើបក្នុងអនុវិស័យសាកវប្បកម្ម ដូចជាការជំរុញការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពបៃតង។ ជួយជំរុញដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ដល់ការដាំដុះផ្កា ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ ចំណូលគ្រួសារដល់ប្រជាកសិករកម្ពុជា។

លោកបណ្ឌិត Song Young Ju ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផលិតកម្មពូជពោតក្រហមCHM01ដែលជាគ្រាប់ពូជអីប៊្រិដកម្ពុជាទី១។ លោកបណ្ឌិតបានបញ្ជាក់ថា ពូជ CHM01 គឺទទួលបានមកពីកិច្ចខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងបង្កាត់ដោយអ្នកជំនាញការកូរ៉េ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្មនៅស្ថានីយពិសោធន៍កសិកម្មបន្ទាយដែកលើផ្ទៃដី ៧ហិកតា ដើម្បីចែកជូនកសិករតាមខេត្តគោលដៅ។

លោកបណ្ឌិតបន្ថែមថា ពូជ CHM01 នេះគឺជាពូជដ៏ល្អ និងអាចប្រកួតប្រជែងជាមួយពូជនាំចូលមកពីបរទេសបាន ហើយផែនការអនុវត្ត ៣ឆ្នាំ ២០២១-២០២៣ នៃគម្រោងនេះ គឺនឹងចែកជូនប្រជាកសិករក្នុងមួយគ្រួសារទទួលបាន ២០គីឡូ សម្រាប់ធ្វើការដាំដុះក្នុង ១ហិកតា ដោយត្រូវចែកជូនកសិករដាំដុះឱ្យបាន ៣០០ហិកតា។ ទិន្នផលដែលរំពឹងនឹងអាចទទួលបានគឺ ៩-១០តោនក្នុង ១ហិកតា។ ចំពោះគម្រោងផ្សេងៗដូចជា គម្រោងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសូត្រចេញពីដង្កូវនាងកូនកាត់ពូជ CK1-7-4 និងគម្រោងសាកវប្បកម្ម កម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA នឹងបន្តផ្តល់ការគាំទ្របន្ថែមទៀត៕

spot_img
×