អាមេរិក ៖ ស្ថានភាពភ្លើងឆេះព្រៃ នៅសហរដ្ឋអាមេរិក ពង្រីកខ្លួនកាន់តែធំហើយ បានធ្វើឲ្យមានការព្រួយបារម្ភជាទូទៅនៅក្នុងរដ្ឋកាលីហ្វញ៉ា ដែលពឹលនេះ សូម្បីតែ លោក ហ្គាវិន ញូវសម (Gavin Newsom) អភិបាលរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ក៏បានប្រកាសដាក់រដ្ឋមួយនេះក្នុងគ្រាអាសន្ននៅតំបន់ Mariposa ផងដែរ ចំពោះហានិភ័យនៃការរីករាលដាលភ្លើងឆេះព្រៃដ៏ធំមួយ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ភ្លើងឆេះព្រៃដ៏ធំ និងកំពុងតែរីករាលដាលទៅមុខនេះ បានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ឱ្យជម្លៀសខ្លួនចេញទៅរកទីកន្លែងសុវត្ថិភាព។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្គាវិន ញូវសម (Gavin Newsom) បានធ្វើការប្រកាសនេះ ខណៈដែលភ្លើងកំពុងឆាបឆេះនៅភាគខាងកើតនៃរដ្ឋនេះចាប់តាំងពីថ្ងៃសុក្ររហូតមកទល់ពេលនេះ នៅតែមិនរលត់ទៀត, ហើយផ្ទៃដីជាង ១៥,០០០ហិចតា ត្រូវបានបំផ្លាញ, រីឯមនុស្សជាង ៣,០០០នាក់នៅក្នុងរដ្ឋនេះ ត្រូវបានបញ្ជាឱ្យជម្លៀសវេញដោយបង្ខំ ដើម្បីពួកគេបានគេចផុតពីគ្រោះថ្នាក់ដោយព្រះអគ្គីដ៏សន្ធោសន្ធៅនេះ៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN







