រដ្ឋធានីគៀវ៖ ក្រុមហ៊ុនថាមពលយក្ស គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Gazprom កាលពីថ្ងៃចន្ទ បានអះអាងថា ក្រុមហ៊ុននឹងកាត់បន្ថយនូវការផ្គត់ផ្គង់ឧស្ម័នយ៉ាងគំហុក ទៅដល់សហភាពអឺរ៉ុប តាមរយៈបំពង់បង្ហូរដ៏សំខាន់របស់ខ្លួន ដោយសារតែការងារថែទាំ។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៦ ខែកក្កដា ថា ក្រុមហ៊ុន Gazprom បានបញ្ជាក់ថា ការបញ្ឈប់ទួរប៊ីនមួយទៀត នៅបំពង់បង្ហូរឧស្ម័ន Nord Stream 1 នឹងកាត់បន្ថយនូវការផលិតឧស្ម័នប្រចាំថ្ងៃ កើនដល់២០ភាគរយ ដោយកាត់បន្ថយនូវកម្រិតផ្គត់ផ្គង់ បច្ចុប្បន្ន រហូតដល់ពាក់កណ្តាល។
ដោយឡែក អាល្លឺម៉ង់ បានបញ្ជាក់ថា ក្រុងប៊ែរឡាំង បានមើលឃើញយ៉ាងច្បាស់ថា ការកាត់បន្ថយនូវការផ្គត់ផ្គង់ឧស្ម័នចុងក្រោយរបស់រុស្ស៊ី មិនមែនជាហេតុផលបច្ចេកទេសនោះឡើយ ប៉ុន្ដែវាជាហេតុផលនយោបាយតែប៉ុណ្ណោះ។ សកម្មភាពរបស់ក្រុមហ៊ុន Gazprom ទំនងជាធ្វើឱ្យមានការលំបាកបន្ថែមទៀត សម្រាប់បណ្តាប្រទេសសហភាពអឺរ៉ុប នៅក្នុងការបំពេញឃ្លាំងឧស្ម័នរបស់ពួកគេឡើងវិញ នៅមុនរដូវរងា។
ការសម្រេចចិត្តរបស់រុស្ស៊ី បានកើតឡើង ដោយសារកប៉ាល់ជាច្រើនគ្រឿង ជាលើកដំបូង បាននាំគ្រាប់ធញ្ញជាតិ ចេញពីកំពង់ផែរបស់អ៊ុយក្រែន នៅសមុទ្រខ្មៅ ក្រោមកិច្ចព្រមព្រម កាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះ ដែលអាចនឹងដំណើរ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ដោយនាំមកនូវក្តីសង្ឃឹម ដល់បណ្តាប្រទេសជាច្រើន ពឹងផ្អែកលើការផ្គត់ផ្គង់ស្បៀងអាហារ ពីប្រទេសអ៊ុយក្រែន។ ចំណែកការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នឹងជួយកាត់បន្ថយនូវគ្រោះអត់ឃ្លាន និង សន្ដិសុខស្បៀងអាហារពិភពលោក។
ទោះជាយ៉ាងណា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ ក្រោយការចុះកិច្ចព្រមព្រៀង ដែលជាផែនការគាំទ្រ ដោយអង្គការសហប្រជាជាតិ រវាងក្រុងមូស្គូ និង ក្រុងគៀវ ក្រោមការសម្របសម្រួល ពីប្រទេសតួកគី បាននាំឲ្យកើតការមិនទុកចិត្ត និង បង្កនូវគ្រោះថ្នាក់ នាពេលខាងមុខ។
ស្ថានភាពវិវឌ្ឍន៍របស់ភាគីទាំង២ រុស្ស៊ី និង អ៊ុយក្រែន បានបង្ហា្ពញពីជម្លោះវាយប្រយុទ្ធគ្នា ហើយឥឡូវសង្គ្រាមនេះ បានឈានដល់ខែទី៦ហើយ ដោយមិនទាន់មានដំណោះស្រាយអ្វីបន្ដិចសោះ។ ចំណែកការវាយប្រយុទ្ធគ្នា រវាងកម្លាំងទាហានក្រុងមូស្គូ និង កម្លាំងការពារទឹកដីរបស់ក្រុងគៀវ បាន និង កំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងក្លា ជាងសមរភូមិរ នៅក្នុងអ៊ុយក្រែនទៅទៀត។
លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានព្រមានដល់បណ្ដាប្រទេសលោកខាងលិច កាលពីដើមខែកក្កដា ថា កញ្ចប់ទណ្ឌកម្មជាច្រើន ប្រឆាំងនឹងប្រទេសរបស់គាត់ ជុំវិញសកម្មភាពយោធារបស់ក្រុងមូស្គូ នៅអ៊ុយក្រែន បានបង្កឲ្យមានហានិភ័យ អំពីការកើនឡើងតម្លៃថាមពល សម្រាប់អ្នកប្រើប្រាស់ នៅជុំវិញពិភពលោក។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនថាមពលយក្ស គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Gazprom កាលពីថ្ងៃចន្ទ បានអះអាងថា ក្រុមហ៊ុនមួយនេះ កំពុងតែធ្វើសកម្មភាព តាមការណែនាំរបស់អ្នកឃ្លាំមើលឧស្សាហកម្ម ថា ការបង្ហូរឧស្ម័ន តាមបំពង់បង្ហូរ Nord Stream 1 នឹងធ្លាក់ចុះ រហូតដល់៣៣លានម៉ែត្រគុប ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃពុធ ទី២៧ ខែកក្កដា។ បរិមាណនេះ ស្មើនឹងពាក់កណ្ដាល នៃលំហូរឧស្ម័នបច្ចុប្បន្ន ដែលមានត្រឹមតែ៤០ភាគរយ នៃសមត្ថភាពធម្មតាប៉ុណ្ណោះ។ មុនសង្រ្គាម តំបន់អឺរ៉ុបបាននាំចូលឧស្ម័ន ប្រហែល៤០ភាគរយ និង ប្រេង ប្រហែល ៣០ភាគរយពីប្រទេសរុស្ស៊ី។
វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា ការកាត់បន្ថយនូវការផ្គត់ផ្គង់ឧស្ម័ន គឺជាលទ្ធផល នៃបញ្ហាបច្ចេកទេស និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់បណ្ដាប្រទេសបស្ចិមលោក ប្រឆាំងនឹងក្រុងមូស្គូ ខណៈសហភាពអឺរ៉ុប បានចោទប្រកាន់រុស្ស៊ី ពីបទប្រើការគំរាមកំហែង លើថាមពល។
អ្នកនយោបាយនៅអឺរ៉ុប បាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីអាចកាត់ផ្តាច់ឧស្ម័ន នៅរដូវរងា ហើយនេះ ជាជំហានថ្មីមួយ នឹងរុញឲ្យប្រទេសអាល្លឺម៉ង់ ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ហើយនាំឱ្យតម្លៃឧស្ម័នកើនឡើង សម្រាប់អ្នកប្រើប្រាស់ ដោយប្រឈមមុខនឹងការចំណាយលើថាមពល កើនឡើងខ្ពស់។ ប៉ុន្ដែវិមានក្រឹមឡាំង បានអះអាងថា ក្រុងមូស្គូមិនចាប់អារម្មណ៍ ចំពោះការបញ្ឈប់នូវការផ្គត់ផ្គង់ឧស្ម័នទាំងស្រុង ទៅកាន់អឺរ៉ុបនោះឡើយ។
ឥទ្ធិពល នៃសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែធ្វើឲ្យតម្លៃថាមពលកើនឡើងខ្ពស់ ហើយបង្កើតឲ្យមានកង្វះខាតស្រូវសាលី ជាសកល។ គ្រោះអត់ឃ្លាននេះ បាន និង កំពុងតែគំរាមកំហែងយ៉ាងខ្លាំង ដល់មនុស្សរាប់លាននាក់ នៅក្នុងប្រទេសក្រីក្រជាច្រើន ជាពិសេស នៅទ្វីបអាហ្វ្រិក និង មជ្ឈិមបូព៌ា៕ រក្សាសិទ្ធិដោយ ៖ សារាយSN













