ក្រសួងបរិស្ថាន នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានរៀបចំសន្និសីទ សារព័ត៌មានស្តីពីដំណើរទស្សនៈកិច្ចបវរកញ្ញាពិភពលោកឆ្នាំ២០១៦ និងបេក្ខភាពបវរកញ្ញា ពិភពលោកឆ្នាំ២០១៧ ចូលរួមក្នុងវិស័យបរិស្ថាន ជាមួយក្រសួងបរិស្ថាន ទៅកាន់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាតំណាងលោក រដ្ឋមន្ត្រីសាយ សំអាល់ ព្រមទាំងប្រតិភូបវរកញ្ញាពិភពលោកឆ្នាំ ២០១៧ និងបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ ២០១៧។ គោលបំណងនៃការរៀបចំសន្និសីទ គឺដើម្បីផ្សព្វផ្សាយពីការចូលរួមរបស់បវរកញ្ញាពិភពលោក ជាមួយវិស័យបរិស្ថាន នៅកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ស្ថានភាពការរស់នៅពីតំបន់នីមួយៗ ក៏ដូចជាបង្កើនការចូលរួមពីសំណាក់បវរកញ្ញាទាំង៦៥រូប មកពី៦៥ប្រទេសផ្សេងៗគ្នាផងដែរ។
នាឱកាសនោះដែរ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមាន ប្រសាសន៍ថានេះមិនមែនជាលើកទី១ ទេដែលមានការចូលរួមពីបវរកញ្ញាពិភពលោក បានចូលរួមផ្សព្វផ្សាយបរិស្ថានជាមួយក្រសួងបរិស្ថាន ។ ការងារបរិស្ថានមិនត្រឹមតែប្រទេសកម្ពុជា គឺសម្រាប់មនុស្សជាតិទាំងមូល ហើយតាម រយៈសកម្មភាពនេះគឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យបរិស្ថាននៅក្នុងពិភពលោក។
លោក អ៊ាង សុផល្លែត បានឲ្យដឹងថា ការទទួលបដិសណ្ឋារកិច្ចចំពោះប្រតិភូបវរកញ្ញាពិភពលោក ដោយក្រសួងបរិស្ថាននេះ គឺដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា លើវិស័យគាំពារបរិស្ថាន ហើយក៏ដើម្បីឆ្លុះបញ្ចាំងលើការសហការគ្នា ជាមួយបណ្ដាប្រទេសដទៃទៀត តួយ៉ាងដូចក្រុមបវរកញ្ញាដែលមកពី និងតំណាងឲ្យប្រទេសចំនួន៦៥នេះ រួមគ្នាចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរួមគ្នាចំពោះបញ្ហាបរិស្ថាន ពីព្រោះបញ្ហាបរិស្ថាននេះ ជាបញ្ហារួមគ្នារបស់ប្រទេសនានាក្នុងពិភពលោក។
លោក សុផល្លែត បានបញ្ជាក់ថា កម្ពុជាចង់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទូទាំងពិភពលោក ទទួលខុសត្រូវចំពោះអ្វីដែលពួកគាត់បានធ្វើពាក់ព័ន្ធនឹងបរិស្ថាន ពីព្រោះបរិស្ថាននេះ គឺជាអាយុជីវិតរបស់ពិភពលោកតែម្ដង បើពិភពលោកមិនដោះស្រាយ មិនយកចិត្តទុកដាក់ទេ អនាគតទៅ មនុស្សជំនាន់ក្រោយនឹងជួបបញ្ហាជាក់មិនខាន។
លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ប្រតិភូបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ ទាំង៦៥ប្រទេស និងជ័យលាភីបវរកញ្ញាពិភពលោក ឆ្នាំ២០១៦ នឹងទៅជួបជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សនៅស្រុកអូររាំងឪ ដើម្បីបំផុសចលនាគាំពារបរិស្ថាន បំផុសគំនិតឲ្យចេះស្រលាញ់ និងការពារបរិស្ថាន ចែករំលែកបទពិសោធន៍ជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនោះ ប្រភិភូបវរកញ្ញាពិភពលោក នឹងចូលរួមដាំដើមឈើទុកជានិម្មិតរូបសម្រាប់ពួកគេ ដែលបានមកប្រទេសកម្ពុជា និងបានបន្សល់ស្នាដៃនៅប្រទេសដ៏ស្រស់ស្អាតមួយនេះ។ ក្រុមប្រតិភូបវរកញ្ញាពិភពលោក ក៏នឹងចូលទស្សនាក្នុងផ្សារអូររាំងឪផងដែរ ដើម្បីស្វែងយល់ពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរផ្ទាល់តែម្ដង។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា បានជាក្រសួងបរិស្ថានជ្រើសរើសស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងការដឹកនាំប្រតិភូបវរកញ្ញាពិភពលោកទៅធ្វើទស្សនកិច្ចនោះ ដោយសារនៅស្រុកមួយនេះ ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ធម្មជាតិ និងទេសភាព ពោលបរិស្ថានទាំងមូល មានភាពប្រហាក់ប្រហែលទៅនឹងស្រុកដទៃទៀត ក្នុងប្រទេសកម្ពុជា៕ ដោយ៖កូឡាប